មជ្ឈមណ្ឌលភ្នែក B&VIIT ប្រទេស កូរ៉េ, មន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីលចុះអនុស្ស រណៈយោគយល់គ្នា នៃគម្រោងថែទាំផ្នែកវេជ្ជសាស្ត្រ

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល សម្រាប់ភាពជាដៃគូ នៃគម្រោងកិច្ចសហប្រតិបត្តិការ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត, ឯកឧត្តម វេជ្ជ. ខូយ ឌី ទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, លោកវេជ្ជ. លី អ៊ីនស៊ិក(LEE IN SIK) នាយកប្រតិបត្តិមន្ទីរពេទ្យ នៃប្រទេសកូរ៉េ, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងប្រតិភូកូរ៉េមួយចំនួនទៀត។

លោកវេជ្ជ. លី អ៊ីនស៊ិក(LEE IN SIK) នាយកប្រតិបត្តិមន្ទីរពេទ្យ នៃប្រទេសកូរ៉េ បានជម្រាបថា អំពីវត្ថុបំណងនៃភាពជាដៃគូនេះ គឺមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល នឹងសហការគ្នាលើផ្នែកដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍វិស័យវេជ្ជសាស្ត្រ និងការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ តាមគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមក។

លោកវេជ្ជបណ្ឌិតបន្តថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រនេះ ក្នុងគោលបំណងទទួលបានភាពជោគជ័យទៅវិញទៅមក សម្រាប់ការរីកចម្រើន និងជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរពេទ្យទាំងពីរ។ លោកបានលើកឡើងថា ការវះកាត់ភ្នែកទៅតាមលក្ខណៈបច្ចេកទេស និងការគាំទ្រផ្នែកវេជ្ជសាស្ត្រផ្សេងៗ ដែលចាំបាច់ និងពាក់ពន្ធ័, ផ្តល់ឧបករណ៍ សម្ភារៈ បរិក្ខាថ្មី ដំណើរការល្អ និងមានគុណភាពល្អ ដែលចាំបាច់សម្រាប់ការវះកាត់ នៅក្នុងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ នៅក្នុងខេត្ត។

ក្រៅពីនោះបន្ត ជួយគាំទ្រក្នុងការជួសជុល ឱ្យដំណើរការឡើងវិញ រាល់ឧបករណ៍ សម្ភារៈ បរិក្ខា គ្រប់ប្រភេទ ដែលខូចខាត ជួយសាងសង់អគារថ្មី សម្រាប់ផ្នែកចក្ខុរោគ (អាទិភាពខ្ពស់) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, ជួយបណ្តុះបណ្តាលមន្ត្រីសុខាភិបាលជំនាញឯកទេស តាមការចាំបាច់, ផ្តល់ការគាំទ្រដល់មន្ត្រីសុខាភិបាល ក្នុងការចូលរួមកិច្ចប្រជុំ សិក្ខាសាលា ឬសន្និសិទ ទាក់ទងនឹងសុខភាពភ្នែក, ផ្តល់ការគាំទ្រ និងផ្តល់សម្ភារៈអប់រំសុខភាព ដល់មន្ត្រីសុខាភិបាលក្នុងការអនុវត្តន៍យុទ្ឋនាការពិនិត្យ និងស្រាវជ្រាវជំងឺភ្នែក នៅតាមសាលារៀន និងសហគមន៍គោលដៅបន្ថែមពីនោះ លោកវេជ្ជ. LEE IN SIK ក៏បានលើកឡើង អំពីការផ្តល់ជំនួយ ជារថយន្តពន្លត់អគ្គិភ័យដល់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងបណ្តុះបណ្តាលភាសាកូរ៉េ ក្នុងការជ្រើសរើសពលករខ្មែរ ទៅបម្រើការងារនៅប្រទេសកូរ៉េផងដែរ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹង អំពីវត្ថុបំណង លើកិច្ចសហប្រតិបត្តិការ ផ្នែកវេជ្ជសាស្ត្រ របស់មជ្ឈមណ្ឌលភ្នែក B&VIIT ប្រទេសកូរ៉េ និងអង្គការដាអ៊ីល ដោយផ្តោតសំខាន់លើសុខភាពភ្នែក និងការបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន សិស្សានុសិស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក ក្នុងខេត្តពោធិ៍សាត់យើងផ្ទាល់។

ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺពិតជាឆ្លុះបញ្ចាំងឱ្យឃើញ អំពីភាពជាដៃគូដ៏ល្អផូផង់ លើគម្រោងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលទទួលបានប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរពេទ្យទាំងពីរ។

ម្យ៉ាងវិញទៀត អនុស្សរណៈនៃការយោគយល់គ្នានេះ គឺពិតជាមានសារៈសំខាទាន់ពេល និងចំគោលដៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការលើកកម្ពស់ សុខភាព និងសុខុមាលភាពប្រជាជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ មជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល ក៏បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានសុពលភាពរយៈពេល០១ឆ្នាំ ព្រមទាំងបន្តចូលរួមទស្សនៈកិច្ច នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងសារៈមន្ទីរ ក្នុងខេត្តពោធិ៍សាតផងដែរ។

សូមបញ្ជាក់ផងដែរថា ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងតាមសំណើរបស់អង្គការសហគមន៍ដាអ៊ីល (DAIL COMMUNITY) ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិសេសស្របតាមអនុស្សរណៈរវាងអង្គការ DAIL COMMUNITY និងរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ និងអនុស្សរណៈរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គMI DAIL COMMUNITY ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *