ឯកឧត្តម ខូយ រីដា រំពឹងថា ក្មួយៗដែលបានប្រឡងជាប់និទ្ទេសAខេត្តពោធិ៍សាត់ក្លាយជាធនធានមនុស្សសំខាន់

ពោធិសាត់៖ ឯកឧត្តម ខូត រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ដោយរំពឹងទុកថា ក្មួយៗសិស្សានុសិស្សទាំង៣៣នាក់ក្នុងនោះស្រី២១នាក់ ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងឆ្នាំនេះនឹងក្លាយជាធនធានដ៏មានតម្លៃក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

ឯកឧត្តម ខូយ រីដា បានលើកឡើងបែបនេះក្នុងឱកាសសំណេះសំណាលនិងផ្តល់ជូនថវិកាអមដោយប័ណ្ណសរសើរលើកទឹកចិត្តក្មួយៗសិស្សានុសិស្សទទួលបាននិទ្ទេស A នាសម័យប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៦-៧ខែវិច្ឆិកាឆ្នាំ២០២៣ ចំនួន៣៣នាក់ ក្នុងនោះសិស្សស្រី២១នាក់ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣ ដោយមានការចូលរួមពីអភិបាលរងខេត្ត គណៈអភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អប់រំយុវជននិងកីឡាខេត្ត មន្ទីរពាក់ព័ន្ធ សាស្ត្រាចារ្យ មាតាបិតា និងអាណាព្យាបាលសិស្សជាច្រើនទៀត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ទាំងអស់នេះគឺជាលទ្ធផល ជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹង ទូទៅ ហើយនៅចំពោះមុខ យើងត្រូវគិតគូរអំពីអនាគត ជាពិសេសត្រូវបន្តការសិក្សាលើមុខជំនាញក្នុងក្របខ័ណ្ឌបច្ចេកទេស សម្រាប់ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រឡងប្រជែងនៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្តនិងទេពកោសល្យរបស់ខ្លួនឯងពោលគឺទៅតាមលទ្ធភាព ដែលខ្លួនមានពិតប្រាកដ។

លើសពីនោះ នៅពេលដែលក្មួយៗ បានបន្តនៅកម្រិតឧត្តមសិក្សា សូមក្មួយៗខិតខំឧស្សាហ៍ព្យាយាម រៀនសូត្រ ឲ្យបានពូកែធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលមានសមត្ថភាព ចំណេះដឹង មានគុណធម៌ សីលធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចភាពរីកចម្រើន ដល់ខ្លួនឯង គ្រួសារ និងវិលត្រឡប់មកខេត្តពោធិ៍សាត់វិញ រួមគ្នាកសាង អភិវឌ្ឋន៍ខេត្តរបស់យើង ឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។

ឯកឧត្តម បានថ្លែងដោយបានលើកឡើងថា ថវិកា ដែលបានផ្តល់ជូននាពេលនេះ គឺជាការលើកទឹកចិត្តចំពោះក្មួយៗដែលបានខិតខំប្រឹងប្រែងរៀនសូត្រ មួយវិញទៀតក៏បង្ហាញពីការគិតគូរនិងយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្តដើម្បីធ្វើយ៉ាងណាឲ្យក្មួយៗមាន ធនធានមួយចំនួនសម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានមនុស្សដែលពោរពេញដោយចំណេះដឹងនិងមានសមត្ថភាពការខិតខំប្រឹងប្រែងរបស់ក្មួយៗទាំងអស់ពិតជាបានលើកកម្ពស់កិត្តិយស ខ្លួនឯង គ្រួសារនិងសង្គមជាតិជាពិសេសមុខមាត់ របស់ខេត្តពោធិ៍សាត់យើង ។

ទាំងអស់នេះបានបង្ហាញឲ្យឃើញអំពីដើមចម គឺដោយសារការខិតខំប្រឹងប្រែងរបស់ សាស្ត្រាចារ្យគ្រប់មុខវិជ្ជាក្នុងការបង្ហាត់ បង្រៀន ផ្ទេរចំណេះដឹងព្រមទាំងទូន្មានសិស្សឲ្យធ្វើអំពើរល្អ ស្គាល់ខុស ស្គាល់ត្រូវ គោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង មានចំណេះធ្វើ មានសីលធម៌និងចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមនៅក្នុងសង្គម ។

ផ្អែកតាមការខិតខំ អំណត់ព្យាយាមនិងជម្នះគ្រប់ឧបស័គ្គនោះទើបធ្វើឲ្យក្មួយៗទាំង៣៣នាក់ក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃហើយអនាគតក្មួយៗនឹងក្លាយជាកម្លាំងចលករ នៃការអភិវឌ្ឍន៍សង្គមជាតិជាក់ជាមិនខាន ។

ថវិកាដែលឯកឧត្តមអភិបាលខេត្តបានផ្តល់ជូនដល់សិស្សនិទ្ទេស Aទាំង៣៣នាក់ក្នុងម្នាក់ៗចំនួន១លានរៀល អមដោយប័ណ្ណសរសើរនិងនាយកវិទ្យាល័យចំនួន៨ ដោយក្នុងមួយវិទ្យាល័យថវិកា៤០ម៉ឺនរៀល។

យោងតាមរបាយការណ៍របស់មន្ទីរ អប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ បានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៦-៧ខែវិច្ឆិកាឆ្នាំ២០២៣សិស្សបានចុះឈ្មោះប្រឡងចំនួន៣,៧៦០នាក់ ស្រី ២,០១៤នាក់ បេក្ខជនបានមកប្រឡង៣,៦៨៦នាក់ស្រី ១,៩៩១នាក់ បេក្ខជនអវត្តមានចំនួន ៧៤នាក់ ស្រី ២៣នាក់ បេក្ខជនប្រឡងជាប់បានចំនួន២,៣៤៦នាក់ស្រី ១,៣៦០នាក់ ស្នើនឹង៦៣.៦៥%។ ក្នុងចំនួននោះបេក្ខជនប្រឡងជាប់ ទទួលបាននិទ្ទេស A ចំនួន៣៣នាក់ ស្រី ២១នាក់ និទ្ទេស B ចំនួន១៤៤នាក់ ស្រី ៨៩នាក់ និទ្ទេស C ចំនួន៤០៧នាក់ ស្រី ២៧១នាក់ និទ្ទេស D ចំនួន៧៨១នាក់ ស្រី៤៥០នាក់និងនិទ្ទេសE ចំនួន៩៨១នាក់ ស្រី៥២៩នាក់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *