ឯកឧត្តម សរ សុវណ្ណ សូមពន្លឿនការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

ពោធិ៍សាត់៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីក្បាលដីដែលនៅសេសសល់និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សឈានទៅបញ្ចប់នៅឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សរ សុវណ្ណ បានណែនាំនិងពន្លឿនបែបនេះនៅក្នុងពិធីសំណេះ សំណាល ពិភាក្សាលើការងាររៀបចំចុះបញ្ជីដីធ្លីជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់នៅក្នុងសាលប្រជុំមន្ទីរ កាលពីថ្ងៃទី១៨ខែវិច្ឆិការ ឆ្នាំ២០២៣។

លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់​ បានជម្រាបជូនអំពីលទ្ធផលនៃការចុះបញ្ជីដីធ្លីគិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២៣ គឺបានវាស់វែងនិងបញ្ចូលទិន្នន័យបានចំនួន ៣១២,៥២៥ ក្បាលដី ប្រកាសបិទផ្សាយរួចចំនួន ៣០៧ភូមិមានចំនួន២៦៧,៤៨៩ ក្បាលដី ចេញប័ណ្ណកម្មសិទ្ធិរួច ២៥៥,៨៨១ មិនទាន់ចេញប័ណ្ណចំនួន១១៦០៨ ប័ណ្ណចែករួចចំនួន១៨៣,៦៩៥និងប័ណ្ណនៅសល់ចំនួន៣២,៤៤៣។

ឯកឧត្តម បានបញ្ជាក់ថាក្នុងខែតុលាជម្រះការកកស្ទះ ចំនួន៦២០៨ក្បាលដី ខែវិច្ឆិកាចំនួន១០៨៥២ក្បាលដី ខែធ្នូជាង៣ម៉ឺនក្បាលដី និងផែនការបង្ហើយជាង១០ម៉ឺនក្បាលដី តាមរយៈនេះក្នុងនាមប្រធានមន្ទីរក៏បានស្នើសុំបង្កើតឲ្យបាន៦ក្រុមក្នុងមួយក្រុម២៥នាក់ក្នុងនោះបន្ថែមនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន៣០នាក់។

ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់ លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនដែលជាឬសកែវនៃដួងប្រលឹងជាតិខ្មែរដូច្នេះក្នុងអាណត្តិថ្មីនេះអ្វីៗដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគតនោះគឺធ្វើយ៉ាងណាឲ្យឬសកែវនៃដួងព្រលឹងឲ្យកាន់តែរឹងមាំដោយ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណចំនួន៥គឺកំណើន ការងារ សមធម៌ ប្រសីទ្ធិភាពនិងចីរភាព។

ការងារចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់ គ្រប់គ្រង បែងចែកអចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋដែលទាមទាឲ្យមន្ត្រីជំនាញនិងអង្គភាពពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងនិងពន្លឿននៃការចុះបញ្ចីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សឈានទៅបញ្ចប់នៅឆ្នាំ ២០២៥ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានកត់សម្គាល់ឃើញថា នៅខេត្តពោធិ៍សាត់នៅសល់ជាង១០ម៉ឺនក្បាលដីត្រូវបង្ហើយនិងបិទបញ្ចប់នៅឆ្នាំ២០២៥ រួចបន្តទៅបណ្តាខេត្តផ្សេងៗទៀតជាពិសេសនៅខេត្តកំពង់ឆ្នាំងដែលមានរហូតទៅដល់៦០ម៉ឺនក្បាលដីមិនទាន់បានចុះបញ្ជី។

ឯកឧត្តមសូមឲ្យថ្នាក់ដឹកនាំមន្ទីរនិង មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តត្រូវបង្កើនការយកចិត្តទុកដាក់ខិតខំអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព បង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនិងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា។

នៅខាងមុខនេះក្រសួងនឹងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស១៥០នាក់នៅដើមខែធ្នូឆ្នាំ២០២៣រួចចុះអនុវត្តនៅតាមភូមិ ឃុំ ស្រុក ខេត្ត គោលដៅនាថ្ងៃទី១០ខែធ្នូ ក្នុងនោះក៏មានខេត្តពោធិ៍សាត់ផងដែរគោលបំណងពន្លឿននៃការចុះបញ្ជីដីធ្លីដែលនៅសាសសល់និងឈានទៅបិទបញ្ចប់ក្នុងឆ្នាំ២០២៥៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *