សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និង ព្រះមេគណខេត្តយាងនិមន្ត ចុះត្រួតពិនិត្យ ពីការចាកចេញរបស់ព្រះសង្ឃ វត្តពោធិលង្កា (វត្តពោធិលើ)

សៀមរាប៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និង ព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរខេត្ត ក្រុង និង កម្លាំងសមត្ថកិច្ច បានយាង និមន្ត និង អញ្ជើញចុះត្រួតពិនិត្យពីស្ថាន ភាព ក្នុងការនិមន្តចាកចេញ របស់ព្រះសង្ឃ នៅវត្តពោធិលង្កា ហៅវត្តពោធិលើ នៅរសៀលថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្រោយពេលដែលសេចក្តីសម្រេចរបស់គណៈ សង្ឃនាយក លេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេច បញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា ហៅវត្ត ពោធិលើ និង យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៣ ខែវិច្ឆិកានេះ របស់សាលាអនុគណក្រុងសៀមរាប បានឲ្យដឹងថា សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ទាំងអស់ឲ្យបានជ្រាបថា សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កាឲ្យនិមន្ត ទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប ។
ដោយមានពាក្យចាមរាមពីមាត់ព្រាបមាត់សត្វ និង តាមបណ្តាញសង្គមមួយចំនួនបានលើកឡើងថា មានការចាប់ផ្សឹកព្រះសង្ឃមួយចំនួននោះមិនត្រូវឡើយ ។ តាមសង្ឃដីកាសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានធ្វើការ បដិសេធ រុញចោល រាល់ព័ត៌មានទាំងឡាយដែលបានធ្វើការបង្ហោះតាមបណ្តាញសង្គមនោះ គឺជាព័ត៌មានបំភ្លៃមិនការពិតឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់មន្ត្រីសង្ឃ និង អាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តសេចក្តីសម្រេចរបស់គណៈសង្ឃនាយក ដែលបានសម្រេច បញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា ហៅវត្ត ពោធិលើ និង ធ្វើការរំសាយព្រះសង្ឃ តាជី យាយជី ក្មេងវត្ត ចាកចេញពីវត្ត ដោយវត្តពោធិលង្កានេះ តែងតែកើតអធិករមិនចេះចប់មិនចេះហើយ ដើមី្បធ្វើការរៀបចំវត្តនេះឡើងវិញ។ សម្តេចព្រះព្រហ្មរតនមុនី បានមានសង្ឃដីកាបន្តទៀតថា ក្នុងករណីថាមានចាប់ព្រះសង្ឃផ្សឹកនោះ ពុំមានសង្ឃអង្គ ណាបានផ្សឹកនោះទេ ហើយការនិមន្តចាកចេញរបស់សង្ឃទាំងអស់ មិនត្រូវបាន ការចាប់ បង្ខិតបង្ខំពីមន្ត្រីសង្ឃ កម្លាំងសមត្ថកិច្ចអី្វនោះឡើយ គឺ សង្ឃទាំងអស់ចាកចេញទៅដោយស្ម័ត្រចិត្ត ហើយបានទៅគង់ នៅតាមវត្តមួយចំនួនក្នុងក្រុងសៀមរាបផងដែរ ។ ចំពោះពាក្សដែលថា បានចាប់ផឹ្សកលោកសង្ឃនោះ ត្រូវបានសម្តេចព្រះព្រហ្មរតនមុនី ធ្វើការបដិសេធ នូវរាល់ព័ត៌មានតាមបណ្តាញសង្គមលើកឡើង ។
ការដែលរំសាយព្រះសង្ឃឲ្យនិមន្តចាកចេញពីវត្តពោធិលង្កា ហៅវត្តពោធិលើនេះ ដោយព្រះសង្ឃក្នុងវត្តនេះបែងចែក បក្ខពួកជា៤ក្រុម ទើបគណៈសង្ឃនាយក ចេញសេចក្តីសម្រេច ធ្វើការរំសាយសង្ឃក្នុងវត្តនេះ ដើមី្បពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានស្រាប់ ដើម្បីលើកកម្ពស់កិត្យានុភាពតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមទីវត្តអារាម ឲ្យបានល្អស័ក្តិសមជាទីកន្លែងសម្រាប់គោរពសក្ការបូជា និង ជាទីកន្លែងសម្រាប់ទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់ពីវប្បធម៌ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងតាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ក្នុងនោះដែរប្រជាពុទ្ធបរិស័ទបានរំពឹងថា ចំណាក់ការរបស់គណៈសង្ឃនាយក និង គណៈសង្ឃខេត្តនេះ នឹង ប្រែក្លាយទីអារាមមួយនេះ ឲ្យក្លាយជាទីកន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទឡើងវិញ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *