ប្រជាពលរដ្ឋងាយរងគ្រោះប្រភេទក្រ១ ចំនួន៥០គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សៀមរាប៖ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រភេទក្រ១ ចំនួន៥០គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកាឆ្នាំ២០២៣នេះ។

មានប្រសាសន៍ក្នុងឱកាសនោះដែ លោក ជំទាវ ទុយ ជិ បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម។
លោកជំទាវ បានបន្តទៀតថា ថ្វីត្បិតតែអំណោយមានចំនួនតិចតួច មិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតក្តី តែវាជាទឹកចិត្តមនុស្សធម៌ជួយគ្នា ដើម្បីសម្រាលនូវការលំបាកជាបណ្តោះអាសន្នបានមួយចំណែក ហើយអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ព្រមទាំងការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកជំទាវអនុប្រធាន ក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះបាញ់ លង់ទឹក សត្វអសិរពិសចឹក ឬខាំ និងបញ្ហាសុខភាពកូនចៅបណ្ដាលមកពីមូសខ្លាខាំជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

សូមជម្រាបថា អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនទាំង ៥០គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្គរ៣០គីឡូក្រាម. មី១កេស. ត្រីខ១យួរ. អំបិល១គីឡូក្រាម . ស្ករស១គីឡូក្រាម. ទឹកស៊ីអ៊ីវ១យួរ . មុង១ .ភួយ១ . សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *