ប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយទឹកជំនន់ ក្រុងពោធិ៍សាត់ ចំនួន២,៣០៥ គ្រួសារ ទទួលបានស្បៀងសង្គ្រោះ បន្ទាន់ ពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា

ពោធិសាត់៖ ប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ៦សង្កាត់ក្នុងចំណោម៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន២,៣០៥គ្រួសារ បានទទួលអំណោយ សង្គ្រោះបន្ទាន់ របស់គណៈ កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងមានការចូលរួមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសាលាក្រុង។

ស្បៀងសង្គ្រោះរបស់រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចែកជូនដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាកសិករ ខណៈពេលដែលឯកឧត្តម និងឯកឧត្តម ទេសរដ្ឋមន្តី្រ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដើម្បីពិនិត្យលើស្ថានភាព នៃទំហំផលប៉ះពាល់ខូចខាតជាក់ស្ដែងនាពេលកន្លងទៅ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចែកជូន បងប្អូនប្រជាពលរដ្ឋ ក្រោយពីប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន២,៣០៥ គ្រួសារ មកពីសង្កាត់លលកស សង្កាត់ព្រៃញី សង្កាត់រលាប សង្កាត់បន្ទាយដី សង្កាត់ផ្ទះព្រៃ និងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ គ្រាន់តែជួយសម្រួល និងដោះស្រាយជីវភាពបានមួយរយៈពេលគឺមិនអាចទទួលទានយូរអង្វែងនោះទេ កត្តាដែលសំខាន់នោះ សូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តការដាំដុះចិញ្ចឹមសត្វ និងប្រកបមុខរបរផ្សេងៗទៀតទើបប្រសើរ។

ឯកឧត្តម បានផ្តាំផ្ញើថា ក្រោយពីទឹកស្រកទៅវិញនោះ សូមឱ្យប្រជាពលរដ្ឋយើងត្រៀមលក្ខណៈធ្វើស្រែបន្ត ក្នុងគោល បំណងស្តារឡើងវិញ បើខ្វះពូជសូមទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដើម្បីដោះស្រាយជូន។

ឯកឧត្តម សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានការទំនាក់ទំនងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវស្គាល់អំពីសុខទុក្ខ ជាប់ជានិច្ចព្រោះថា បងប្អូនប្រជាពលរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាន នូវជោគវាសនាប្រទេសជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំងសេដ្ឋកិច្ចឲ្យដើរទៅមុខ ដូចគ្នានោះដែរ កិច្ចការបន្ទាប់ ប្រសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងការងារបង្កបង្កើន ផល សូមទំនាក់ទំនង ទៅអាជ្ញាធរ ឃុំ ដើម្បីជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ ទាន់ពេលវេលា។

ឯកឧត្តម បានថ្លែងជម្រាបជូនទៀតថា ការអនុវត្តប្រព័ន្ធស្បៀងបម្រុងនេះ គឺជាទស្សនៈវិស័យដ៏វែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ការលើកទឹកចិត្ត និងជម្រុញចលនាបង្កបង្កើនផល ជាពិសេសគឺផ្តោតទៅលើប្រជាពលរដ្ឋគោលដៅអាទិភាព ដែលកំពុងជួបបញ្ហាប្រឈមជីវភាព បណ្តាលមកពីគ្រោះធម្មជាតិ។

លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ក្រុងពោធិ៍សាត់បានទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀង នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើឲ្យមានការប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ភូមិដ្ឋាន និងផលដំណាំ ចំនួន៧សង្កាត់ ស្មើ៧៣ភូមិ ប្រជាពលរដ្ឋ៦,៤៥៨គ្រួសារ ស្មើនឹង៥,៨៥៦ខ្នងផ្ទះ ជម្លៀសមនុស្ស ៨៧៩គ្រួសារដំណាំកសិកម្មស្រូវជាង ៣ពាន់ហិកតា ក្នុងនោះខូចអស់ជាង ១ពាន់ហិកតា និងខូចខាតនូវហេដ្ឋារចនាសម្ពន្ធ័ជាច្រើនខ្សែ និងបានចែកជូនស្បៀងរួចមកហើយបានចំនួន ៣,០៣៨ គ្រួសារ។

គួរជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានចែក ជូននូវស្បៀងសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារជំនន់ទឹកភ្លៀង មកពីឃុំអន្លង់វិល ឃុំស្យា ឃុំកញ្ជរ ឃុំកណ្តៀង ឃុំស្រែស្តុក ឃុំកោះជុំ ឃុំវាល និងឃុំស្វាយលួង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន ១,០៩៣គ្រួសារ និងគ្រោងបន្តចែកជូន នៅស្រុកបាកាន និងស្រុកកណ្តៀងបន្ថែមទៀត៕​

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *