អភិបាលរងខេត្តតាកែវណែនាំ អភិបាលក្រុង-ស្រុកបង្កើនសកម្មភាពចុះផ្សព្វផ្សាយ បញ្ហាគ្រឿង ញៀនដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស អោយកាន់តែខ្លាំងក្លាបន្ថែមទៀត

(តាកែវ)៖ ថ្លែងក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមស្មារតីនៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ នៅសាលប្រជុំសាលាខេត្តតាកែវ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិកាដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការណែនាំ និងរំលឹកដល់ លោកអភិបាលក្រុងស្រុកទាំង១០ មន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនសកម្មភាព ចុះអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្រុមយុវជន សិស្ស និស្សិត ពិសេសនៅតាមក្លឹបកំសាន្ត ហាងខ៉ារ៉ាអូខេ និងនៅតាមកន្លែង កំសាន្តផ្សេងៗទៀត អោយបានទូលំទូលាយ នឹងផុលផុស ដើម្បីអោយពួកគាត់យល់កាន់តែច្បាស់ពីផលប៉ះពាល់នៃគ្រឿងញៀន។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តថាបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវា បង្ករផលវិបាកជាច្រើនដល់សង្គមជាតិ រួមនិងមនុស្សទូទៅ។ ហើយការដោះស្រាយបញ្ហាគ្រឿងញៀននេះទាមទារអោយមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន  អង្គការជាតិ អន្តរជាតិ ជាដើមដើម្បីធ្វើយ៉ាងណាឈានទៅរកការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។

បើតាមលោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្តទៀតថាគ្រឿងញៀនវាបំផ្លាញទាំងរូបរាង្គកាយ សុខភាព បញ្ញាស្មារតី និងអាចបណ្ដាអោយស្លាប់ទៀតផង ដូច្នេះសូមយុវជន ប្អូនៗសិស្សានុសិស្ស ក្រុមនិស្សិតទាំងអស់ ដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន កុំចង់សាក ចង់ដឹងអោយសោះ ពោលត្រូវរួមគ្នា ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទដើម្បីធានាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គ្មានអំពើឆក់ប្លន់ អំពើហឹង្សា ក្មេងទំនើង កើតឡើងនៅមូលដ្ឋានតទៅទៀត ព្រោះបទល្មើសផ្សេងៗវាកើតឡើងពីយុវជនដែលប្រើប្រាស់គ្រឿងញៀន ។

ក្នុងឱកាសនោះ លោក យ៉ង សុវឌ្ឍនា បានស្នើដល់ប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់ព័ត៌មានក្នុងករណីសង្ស័យពាក់ព័ន្ធពីបញ្ហាគ្រឿងញៀនកើតមាននៅតាមភូមិឃុំរបស់ខ្លួន ដែលទាមទារមានកិច្ចអន្តរាគមន៍ ចៀសវាងបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរដល់សង្គមជាតិ ក្នុងនោះដែរកងកម្លាំងសមត្ថកិច្ចក៏ត្រូវចូលរួមឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង មួយរាយការណ៍ត្រូវរាយការណ៍ដល់សមត្ថកិច្ចគ្រប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *