លោកជំទាវ ជា ខេង ស៊ុយ សែម ជម្រុញឲ្យប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាប បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបាន១០០% ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់បងប្អូននៅទីនោះ

ពោធិសាត់: ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ លោកជំទាវ ជា ខេង ស៊ុយ សែម តំណាងឲ្យឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់ រួមដំណើរដោយលោកជំទាវ អាំង សុជាតា ខូយ រីដា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ និងភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត បានចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាបចំនួន២៤៣គ្រួសារ ក្នុងភូមិដីរនាតនិងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

បងប្អូនប្រជាពលរដ្ឋភូមិព្រែកក្រនិងភូមិដីរនាត បានសម្ដែងក្ដីសប្បាយរីករាយ ត្រេកអរក្រៃលែង ដែលបានជួបជាមួយលោកជំទាវ ជា ខេង ស៊ុយ សែម ហើយពួកគាត់បានស្នើសុំឲ្យលោកជំទាវ ជួយដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងមូលដ្ឋាន ដូចជាចង់បានសេវាទូរស័ព្ទក្នុងតំបន់ដើម្បីងាយស្រួលទំនាក់ទំនងគ្នា, ចង់បានផ្លូវភ្ជាប់ពីភូមិដីរនាតឡើងមកឃុំមេទឹក, ខ្វះមណ្ឌលសុខភាព, ខ្វះថវិកាជួសជុលសាលារៀននិងជួសជុលសាលាបុណ្យ, សុំកាត់បន្ថយសមត្ថកិច្ចឲ្យនៅតិច ព្រោះសព្វថ្ងៃនេះមានច្រើនអង្គភាពពេក ដែលធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងការរកទទួលទាន។ សុំប័ណ្ណសមធម៌ជូនចាស់ជរាគ្មានទីពឹង និងស្នើសុំផ្ទាំងសូឡាបំភ្លឺតាមផ្ទះ ព្រោះពុំមានអគ្គីសនីមកដល់នោះទេ។

លោកជំទាវ ជា ខេង ស៊ុយ សែម បានពាំនាំការផ្តាំផ្ញើរក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើផ្ទៃទឹកបឹងទន្លេសាបនេះ។

លោកជំទាវសូមឲ្យបងប្អូនដែលមានឈ្មោះក្នុងបញ្ជីរបោះឆ្នោត ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តថែរក្សាសេចក្តីសុខ សន្តិភាព ការអភិវឌ្ឍន៍ និងការគាំពារសង្គមដ៏ធំធេង ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧នៃរដ្ឋសភា។

លោកជំទាវ ជា ខេង ស៊ុយ សែម ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាបទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានឈ្នះដាច់១០០% ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបងប្អូនលើកឡើងទាំងប៉ុន្មានចំណុចមកនេះ ពិសេសផ្លូវធ្វើដំណើរដែលត្រូវការចាំបាច់បំផុត។

ទោះយ៉ាងណាចំពោះការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ លោកជំទាវបានដោះស្រាយបញ្ហាបានមួយចំនួន នៅសល់មួយចំនួនទៀត នឹងរាយការណ៍ទៅឯកឧត្តមប្រធានក្រុមការងារ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីដោះស្រាយបន្ត។

បងប្អូនប្រជាពលរដ្ឋទាំង២៤៣គ្រួសារនៅភូមិដីរនាតនិងភូមិព្រែកក្រ មានការពេញចិត្តប្រកបដោយភាពស្និតស្នាលជាមួយលោកជំទាវ ជា ខេង​ ស៊ុយ សែម និងបានប្តេជ្ញាចិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបាន ១០០% ដើម្បីផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលនិងក្រុមការងារចុះមូលដ្ឋាន ជួយអភិវឌ្ឍតំបន់ផ្ទៃទឹកដាច់ស្រយ៉ាលមួយនេះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *