សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករា (១៩៧៩-២០២៥) ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ និសិ្សត សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណជា៥ពាន់នាក់ចូលរួម នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ។
អង្គមីទ្ទិញទាំងមូលបានស្ដាប់នូវការអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩.២០២៥ ដែលអានដោយសម្តេចពិជ័យសេនា ទៀ បាញ់ រួចមក មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកសមាជិកាអង្គមីទ្ទិញនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ខ្លួន។សម្តេចប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាបបានបន្តថា មហាជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានចារជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប ដែលបានសង្រ្គោះជាតិនិងប្រជាជនកម្ពុជាឲ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បាននាំមកជូនប្រជាជនវិញនូវសិទ្ធិនិងសេរីភាពគ្រប់ បែបយ៉ាង និង បានស្តារ កសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក រហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត ។ សម្តេចពិជ័យសេនា ធ្វើការអរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ទៀតថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះ ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។ សម្តេចបានអំពាវនាវឲ្យចូលរួមទាំងអស់គ្នាប្តេជ្ញាថែរក្សា រាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឲ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឲ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។ ពិសេសត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃដែលយើងបានមកដោយលំបាក ឲ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងសម្តេចធិបតី ជាអនុប្រធាន និង សម្តេចអនុប្រធានជាច្រើនរូបទៀត ដើម្បីឲ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនតទៅមុខថែមទៀត។
បន្ទាប់ពីសមាជិកសមាជិកានៃអង្គមីទ្ទិញធ្វើការប្តេជ្ញាចិត្តរួចមក គណៈអធិបតីក៏បានធ្វើការប្រលែងព្រា និង បង្ហោះប៉េងប៉ោង ព្រមទាំងមានធ្វើពិធីជូនកន្ត្រក់ផ្កា ជូនពរដល់សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៅក្នុងឱកាសឆ្នាំថ្មី សូមឲ្យជួបនូវតែសេចក្តីសុខ កម្លាំងមាំមួយ ដើមី្បបម្រើជាតិមានតុភូមិកម្ពុជាតទៅអនាគត ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប