នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ការកាប់ព្រៃទន្ទ្រានដី យកធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅតែមានការកើតឡើងគួរឲ្យកត់សម្គាល់ ដែលអ្នកពាក់ព័ន្ធត្រូវរួមគ្នាគិតពិភាក្សាដោះស្រាយឲ្យបានត្រឹមត្រូវតាមច្បាប់គតិយុត្ដ។ ជាមួយនោះ មន្ដ្រីពាក់ព័ន្ធត្រូវបង្ហាញពីផ្ទៃដីដែលជនខិលខូចកាប់ព្រៃទន្រ្ទានយកដីក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ដើម្បីធ្វើរបាយការណ៍ជូនក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល ។ លោកអភិបាលរងខេត្ត បន្តថា ក្រោយពេលពិនិត្យរកឃើញបទល្មើសធនធានធម្មជាតិច្បាស់លាស់ អ្នកពាក់ព័ន្ធត្រូវសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ដើម្បីមុខមាត់ខេត្ដសៀមរាប។ លោកបន្ថែមថា គ្មានអ្នកណាម្នាក់អាចលាក់បាំងជិត ក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ ដូច្នេះសូមឲ្យអ្នកពាក់ព័ន្ធត្រូវទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យបានជាដាច់ខាត ។
លោក ឃឺន សុគុណវិសិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្តែងលើទីតាំងដីរងការទន្ទ្រាន ២០១ទីតាំង ស្មើនឹងទំហំផ្ទៃដី ២.០០៣,១៤ហិកតា ក្នុងនោះមាន ៨ទីតាំង ស្មើនឹងទំហំផ្ទៃដី ៤៨,០៩ហិកតា ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងឈូសឆាយដីព្រៃថ្មី ៦ទីតាំង ស្មើនឹងទំហំផ្ទៃដី ១៤,៩២ហិកតា ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ និងចន្ទីមាន ១៨០ទីតាំង ស្មើនឹងទំហំផ្ទៃដី ១.៩៣២,២៦ហិកតា។ ទីតាំងធ្លាប់កសាងសំណុំរឿង ៧ទីតាំង ស្មើនឹងទំហំផ្ទៃដី ៧,៨៧ហិកតា នៅតែបន្តគ្រប់គ្រងដោយឃើញមានដាំដំឡូង។ លោកបានឲ្យដឹងទៀតថា ចំពោះដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្រុមការងារបានធ្វើការចុះល្បាតពិនិត្យជាក់ស្តែងទីតាំងដីរងការទន្ទ្រាន ១៥៦ទីតាំង ស្មើនឹងទំហំផ្ទៃដី ២.៨៩១,០៤ហិកតា។ ក្នុងនោះទីតាំងកាប់រុករានដីព្រៃថ្មីចំនួន ៩ទីតាំង ស្មើនឹងទំហំផ្ទៃដី ១០៤,៩២ហិកតា ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ ចេក ខ្នុរ ចេក និងចន្ទីមានចំនួន ១៣៧ទីតាំង ស្មើនឹងទំហំផ្ទៃដី ២.៧៥៩,៨ហិកតា និងទីតាំងធ្លាប់កសាងសំណុំរឿងចំនួន ១០ទីតាំង ស្មើនឹងទំហំផ្ទៃដី ២៦,៣២ហិកតា នៅតែបន្តគ្រប់គ្រងឃើញមានដាំដំឡូង៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប