ទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តសៀមរាប របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅអគារផ្សារទំនើប Heritage Walk ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងសប្តាហ៍រសៀលថ្ងៃ សៅរ៍ ទី ០៤ ខែ មករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រហ្មលើករាសី ឡើងអគារទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តសៀមរាប ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដើមី្បសុំនូវសេចក្តីសុខចម្រើនដល់មន្ត្រីបម្រើការងារផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដែលជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជា និង មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា រដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគ្គនាយកដ្ឋាន អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបីចូលរួមផងដែរ ។
ក្នុងកិច្ចផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការបង្កើតទីសា្នក់ការផ្តល់លិខិតឆ្លងដែននៅខេត្តសៀមរាបនេះ គឺដើមី្បបង្កើនប្រសិទ្ធភាព នៃការផ្តលសេវាឲ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការបង្ខិតនូវរាល់សេវាឲ្យកាន់តែនៅជិតប្រជា ពលរដ្ឋ ដើមី្បបង្កនូវភាពងាយស្រួលដល់បងប្អូន កាត់បន្ថយពេលវេលា និង ថវិកាទៀតផង ។ ឯកឧត្តមបានបន្តទៀតថា ការបង្កើតទីស្នាក់នៅខេត្តសៀមរាបនេះ គឺបានគ្រប់ដណ្តប់ទៅបណ្តាខេត្តជិតខាង មានខេត្តបន្ទាយមានជ័យ , ឧត្តរមានជ័យ , កំពង់ធំ ,ខេត្តព្រះវិហារផងដែរ ។ ម៉្យាងទៀតបង្កលក្ខណៈដល់បងប្អូន បានមកធ្វើទេសចរណ៍កម្សាន្តនៅខេត្ត សៀមរាប បន្ទាប់ពីទស្សនាប្រាសាទអង្គរវត្តហើយ ក៏អាចមកស្នើសុំធ្វើលិខិតឆ្លងបានផងដែរ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ក៏បានបញ្ជាក់អំពី សេវាក្នុង ការធ្វើលិខិតឆ្លងដែន (សម្រាប់កុមារមានអាយុពី០ ឆ្នាំដល់៥ ឆ្នាំ ) លិខិតឆ្លងដែនធម្មតា តម្លៃ ៨០ដុល្លា រយៈពេលធ្វើ ១៥ថ្ងៃ លិខិតឆ្លងដែនឆាប់រហ័សកម្រិតមធ្យម តម្លៃ១២០ដុល្លា រយៈពេលធ្វើ ០៧ថ្ងៃ និង លិខិតឆ្លងដែនឆាប់រហ័ស តម្លៃ១៦០ដុល្ល ា រយៈពេលធ្វើ ១ថ្ងៃ ដែលមានសុពលភាពរយៈពេល៥ឆ្នាំ ។ សម្រាប់អ្នកមានអាយុពី៦ ឆ្នាំឡើងទៅ លិខិតឆ្លងដែនធម្មតា តម្លៃ ១០ដុល្លា មានរយៈពេលធ្វើ១៥ថ្ងៃ,លិខិតឆ្លងដែនឆាប់រហ័សកម្រិតមធ្យម តម្លៃ១៥០ដុល្លា មាន រយៈពេលធ្វើ០៧ថ្ងៃ និង លិខិតឆ្លងដែនឆាប់រហ័ស តម្លៃ២០០ដុល្ល ា រយៈពេលធ្វើ ១ថ្ងៃ ដែលមានសុពលភាពរយៈពេល១០ឆ្នាំ ។
សូមបញ្ជាក់ផងដែរថា ទីស្នាក់ការផ្តល់លិខិតឆ្លងដែន ចាប់ដំណើរការពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ចាប់បម្រើការងារពីម៉ោង ៩.០០ព្រឹក ដល់ម៉ោង ១៦.០០រសៀល ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ និង ឈប់សម្រាក់នៅថ្ងៃចន្ទ និង អង្គារ ព្រមទាំង(ថ្ងៃឈប់សម្រាក់បុណ្យជាតិ និង ប្រពៃណីជាតិ ) ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប