ព្រះបាឡាត់គណខេត្តសៀមរាប ជំរុញដល់សមណសិស្សព្យាយាម និងស្រឡាញ់ការសិក្សា ដើម្បីទទួលបានចំណេះដឹង ក្លាយជាធនធានមនុស្ស មានសមត្ថភាព

ថ្មីៗនេះ ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បាននិមន្តដឹកនាំពុទ្ធបរិស័ទក្នុងក្រុងសៀមរាបចុះសួរសុខទុក្ខ ព្រមទាំងនាំយកទេយ្យទាននិងបច្ច័យទៅប្រគេនដល់សមណសិស្សដែលកំពុងគង់សិក្សានៅសាលាពុទ្ធិកបឋមសិក្សាវត្តចន្ទីភូមិថ្មី ក្នុងវត្តចន្ទីភូមិថ្មីស្ថិតនៅក្នុងឃុំតាអានស្រុកក្រឡាញ់ និងសាលាពុទ្ធិកបឋមសិក្សាវត្តយាងក្នុងវត្តយាងស្ថិតនៅឃុំយាងស្រុកពួកខេត្តសៀមរាប។ ព្រះសាសនសត្ថា តង់ តន បានមានថេរដីកាថា៖ក្នុង វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អប់រំ ណែនាំ បណ្តុះនូវពុទ្ឋិដល់សមណសិស្សនិងប្រជាពុទ្ឋបរិស័ទដើម្បីទទួលបានចំណេះនិងគុណវុឌ្ឍិតាមការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ។ព្រះបាឡាត់គណខេត្ត បានជំរុញនិងណែនាំដល់សមណសិស្សទាំងអស់ ត្រូវស្រឡាញ់ការសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា កុំខ្ជិលច្រអូស ត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ និងត្រូវគោរពឱ្យបានម៉ត់ចត់ នូវម៉ោងបង្រៀន និងម៉ោងរៀនរបស់ខ្លួន ស្របតាមកម្មវិធីសិក្សាដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍខ្លួន គ្រួសារនិងសង្គមជាតិ។ព្រះតេជគុណសំណូមពរទៀតសូមព្រះករុណាគ្រប់អង្គសិក្សារៀនសូត្រធម៌របស់ព្រះសម្មាសម្ពុទ្ធ ហើយប្រតិបត្តធម៌វិន័យឱ្យបានខ្ជាប់ខ្ជួន និងយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ពុទ្ធបរិស័ទឱ្យបានល្អដូចខ្លួនផងដែរ។
ព្រះតេជគុណ ក៏បានមានថេរដីកាក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះគ្រូចៅអធិការវត្តដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់.ត្រូវពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ ព្រោះហេតុថាពុទ្ធិកសិក្សាមានសារប្រយោជន៍យ៉ាងសំខាន់ គឺជាឆ្អឹងខ្នងនៃ ព្រះពុទ្ធសាសនា ដែលថ្មីៗនេះអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលគណៈសង្ឃនាយកបានលើកទិសដៅឲ្យមន្ត្រីសង្ឃគ្រប់ឋានានុក្រមយកព្រះទ័យទុកដាក់ ក្នុងការសិក្សារៀនសូត្ររបស់ភិក្ខុសាមណេរ ជាពិសេសចៅអធិការវត្តនីមួយៗត្រូវជម្រុញឲ្យភិក្ខុ សាមណេរបានចូលសិក្សានៅក្នុងប្រព័ន្ធពុទ្ធិកសិក្សាឲ្យបានគ្រប់ៗរូប ។
ឆ្លៀតក្នុងឱកាសនោះដែរ ព្រះបាឡាត់គណខេត្តក៍បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួយបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ជាពិសេសញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ និងអ្នកមានលទ្ធភាពទាំងឡាយ សូមបន្តចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រ ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ទៅតាមសទ្ធាជ្រះថ្លា និងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យព្រះសង្ឃមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ចប់ចុងចប់ដើ។សូមជំរាបថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សាលាពុទ្ធិកបឋមសិក្សាវត្តចន្ទីភូមិថ្មី ក្នុងវត្តចន្ទីភូមិថ្មី មានសមណសិស្សដែលកំពុងគង់សិក្សាចំនួន៣៣អង្គហើយមានគ្រូបង្រៀនចំនួន២អង្គ ដែលចែកចេញជា២ថ្នាក់ ហើយសាលាពុទ្ធិកបឋមសិក្សាវត្តយាងក្នុងវត្តយាង មានសមណសិស្សនិងសិស្សដែលកំពុងសិក្សាចំនួន៣៩អង្គ/នាក់ ដោយក្នុងនោះមានសមណសិស្សមានចំនួន៣២អង្គ និងសិស្សមានចំនួន៧នាក់ (ស្រី០២នាក់) និងលោកគ្រូមានចំនួន៧អង្គ/នាក់ផងដែរ។ ព្រះសាសនសត្ថា តង់ តន និងពុទ្ធបរិស័ទ បានប្រគេនទេយ្យទាន និងបច្ច័យដល់ សមណសិស្សនិងសិស្សមានចំនួន៧២អង្គ/នាក់ ដោយ១អង្គ/នាក់ៗទទួលបានទ័យទាន១កញ្ចប់ និងថវិកា២ម៉ឺនរៀល លោកគ្រូចំនួន៩អង្គ/នាក់ៗ ទទួលបានទេយ្យទាន១កញ្ចប់ ថវិកា១០ម៉ឺនរៀល។យាយជីតាជីនិងគណៈកម្មការវត្តទាំងពីរដែលបានចូលរួមចំនួនប្រមាណជាង៣០នាក់គឺម្នាក់ៗទទួលគ្រឿងបរិភោគ១កញ្ចប់ សារុង១និងថវិកាចំនួន២ម៉ឺនរៀលផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *