បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះគណៈកម្មការមេប្រយោគ និង គណៈ កម្មការគ្រប់គ្រងនិងបច្ចេកទេសនៃការប្រកួតខ្លែងខ្មែររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភីនៃ ការប្រកួតខ្លែងឯក និងខ្លែងសេរីរវាងផ្នែកឯកជននិងរដ្ឋ ។ សម្រាប់ជ័យលាភីខ្លែងឯកមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុក លេខ១បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល លេខ២ខ្លែងឈ្មោះសម្រស់បន្ទាយស្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី លេខ៣ខ្លែងឈ្មោះពោធិសាត់មានជ័យបារមីសួគ៌ាលោក របស់មន្ទីរវប្បធម៌ខេត្តពោធិសាត់ ។ សម្រាប់ជ័យលាភីខ្លែងឯកផ្នែកឯកជនលេខ១បានទៅលើខ្លែង ផែនសិល្បៈ និងកីឡា ពីក្រុមការងារយុវជនផែនសិល្បៈនិងកីឡានៃយុវជនគណៈបក្សខេត្តសៀមរាប លេខ២ខ្លែង ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើខ្លែង ធនញ្ជ័យ ខេត្តសៀមរាប។ដោយឡែកខ្លែងសេរីមកពីរដ្ឋបាលក្រុងស្រុក ជ័យលាភីលេខ១បានទៅខ្លែងឈ្មោះ ស្តេចរាត្រីមកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប លេខ២បានទៅខ្លែងឈ្មោះក្រុឌមាសធិបតីសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប និងជ័យលាភីលេខ៣ បានទៅខ្លែងឈ្មោះ ស្នងការនគរបាលខេត្តសៀមរាប របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ជ័យលាភីខ្លែងសេរីផ្នែកឯកជន លេខ១បានទៅលើខ្លែង នាគរាជក្បាល៥ មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល លេខ២ខ្លែង សំពៅហង្សខេត្តកណ្ដាល និងលេខ៣ខ្លែង ឈ្មោះប្រយុទ្ធអន្តរជាតិ មកពី ខេត្តសៀមរាប។អញ្ជើញជាអធិបតីនិងថ្លែងបិទព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់
ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណនិងការកោត សរសើរ គ្រប់ភាគីចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តនិងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយ ក្នុងការរៀបចំពិធីព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែង សេរី លើកទី១ឆ្នាំ២០២៤ ខេត្តសៀមរាប ទាំងនេះគឺជាប្រភពនៃការលើក ទឹកចិត្តដ៏ធំធេង ក៏ដូចជាការជួយសម្រាលបន្ទុកដល់គណៈកម្មការរៀបចំព្រឹត្តិការណ៍បុណ្យខ្លែង ក៏ដូចជាប្រតិភូខ្លែងបានមួយកម្រិតថែមទៀត ។ លោកអភិបាលរងខេត្តមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ នាពេលនេះ គឺផ្អែកតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤កន្លងទៅ និងស្របតាមយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំមួយ រូបពោពេញទៅភាពប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ ។ លោក លី សារី បន្ថែមថា៖ពិតណាស់ ការរៀបចំពិធីបុណ្យបង្ហើរ ខ្លែងឯកខ្មែរ និងខ្លែងឯកសេរី លើកទី១ ខេត្តសៀមរាប ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌរបស់ជាតិ មានតំលៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តំលៃវប្បធម៌សង្គមកម្ពុជា ។ ឧត្តមភាព នៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេងយល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ។
តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី មានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា មានចំនួនប្រមាណជា២ម៉ឺននាក់ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប