តាកែវ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខ ក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីម៉ោង ២:៥៦នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំនុចផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ ។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានអោយដឹងថា ក្មេងទំនើងទាំងនេះមុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែក្រុមជនរងគ្រោះបានយកដុំថ្មគុបទៅលើបក្ខពួកក្រុមគេមុន ទើបក្រុមជនសង្ស័យជិះម៉ូតូ ៦គ្រឿង មានគ្នា ១៣នាក់ដេញតាមកាប់ពីក្រោយវិញ។
ក្រោយកើតហេតុ ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដតាកែវ សមត្ថកិច្ចយើងឈានទៅបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ ហើយ៦នាក់ទៀតជាបក្ខពួកចូលរួមធ្វើសកម្មភាព នៅសល់ ៥នាក់ទៀតកំលាំងសមត្ថកិច្ចជំនាញកំពុងមានវិធានការ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង ៨នាក់នេះ មាន ៥នាក់មានទីលំនៅខេត្ដតាកែវ និង៣នាក់ខេត្ដកំពង់ស្ពឺ ក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូបាន ៥គ្រឿង ដាវ១ កាំបិតផ្គាក់១ និងសម្ភារៈមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមានឈ្មោះ ទី១/. ឈ្មោះ ស្រ៊ន សំណាង ហៅឃ្លែត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជនដៃដល់) ទី២/. ឈ្មោះ ងាំ តូ ហៅតូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (អ្នកបើកម៉ូតូ) ទី៣/. ឈ្មោះ តក់ វណ្ណថេត ហៅថេត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ទី៤/. ឈ្មោះ ដៀប សុភ័ក្រ្ដ ហៅភក្រ្ដ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ទី៥/.ឈ្មោះ សុគន្ធា ថេង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ទី៦/.ឈ្មោះ អ៊ន បូរ៉ា ហៅយ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំរោងខ្ពស់ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី៧/.ឈ្មោះ មុំ សំណាង ហៅខ្មៅ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី៨/.ឈ្មោះ សារីម បូរី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ឃុំព្រះនិពាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (៦នាក់នេះជាបក្ខពួក)។ ជនសង្ស័យទាំង ៨នាក់នេះ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ស្អែក និងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្ដចាត់ការតាមនីតិវិធី។