អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ អំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាព ពាក់ព័ន្ធ ក្នុងខេត្តសៀមរាប

នៅថ្ងៃទី២៥ខែ ធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មាស សុកែវ សមាជិក អ.ដ.ក., ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត ឯកឧត្តមប្រធានសាលាដំបូង, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃអ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត , តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, រដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ប្រមាណជា ៣០០នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការគន្លឹះ ជាអាទិភាពចំនួន៥ ដើមី្បសម្រេចឲ្យចេញជាលទ្ធផលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្នុងនោះ (ការ ពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុទ្ធតិធម៌ ) ។ ក្នុងចំណោមវិធានការគន្លឹះទាំង៥ បានប្រគល់ភារកិច្ច ជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការ សកម្មភាពជាក់ស្តែង សំដៅសម្រេចនូវកិច្ចការអាទិភាពសំខាន់ចំនួន៣ ក្នុងនោះ កិច្ចការអាទិភាពទី១ ( ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើមី្បជួយ សម្រុះសម្រួលដោះស្រាយ ដោះស្រាយវិវាទ ឲ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។
ឯកឧត្តម ប៉ូច សោភ័ណ បានមានប្រសាសន៍លើកឡើង អំពីគោលបំណងនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ ធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ។ អាជ្ញាធរជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយ វិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ។ ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាបទាំងអស់ ឲ្យជួយធ្វើការផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឲ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើង ក្នុងក្របខ័ណ្ឌ នៃ អ.ដ.ក. នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដើមី្បលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូ នៅមូលដ្ឋាន និង សហគមន៍ ឲ្យកាន់តែប្រសើរឡើង គឺត្រូវ ការរក្សាបាននូវចរិតនៃការដោះ ស្រាយវិវាទ ក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង ការបញ្ចប់វិវាទ ឬ ការំលត់វិវាតដែលកើតមាន នៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមចំណែកកាត់បន្ថយនូវសំណុំរឿង នៅតាមសាលាជម្រះក្តី ។
សូមបញ្ជាក់ផងដែរថា ខេត្តសៀមរាប គឺជាទិសដៅទី១១ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពត និងខេត្តកំពង់ធំ ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន។ នៅពេលខាងមុខ អ.ដ.ក. នឹងបន្តរៀបចំកម្មវិធីនេះ ឲ្យបានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *