វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅ ទី៩នៅស្រុកជីក្រែង

នៅព្រឹកថ្ងៃទី ២៣ខែ ធ្នូ ឆ្នាំ២០២៤ នៅទីវត្ត កំពង់ក្តី ស្រុកជីក្រែង រដ្ឋបាលខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៩ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការនិមន្តអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ មេភូមិ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណជា៤៤៤អង្គ/នាក់ដែលបានចូលរួម ។
ឯកឧត្តម លី សំរិទ្ធ បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និង មានអាទិភាពគន្លឹះចំនួន៥ មាន(មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា) របស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រនៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយតបទៅនឹងសំណូមពរ និង សេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបន្តទៀតថា អង្គវេទិកានេះ គឺផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញមកចូលរួមនៅទីនេះ ស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមនានា ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឲ្យ វាគ្មិន ដែលជាប្រធាន ឬ តំណាងមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយបំភ្លឺនូវសំណួរ-សំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង បានសមស្រប ទៅតាមគោលបំណង នៃសាមីសំណួរ-សំណូមពរ បងប្អូនចង់បាន។ ឯកឧត្តម លី សំរិទ្ធ បានបន្តទៀតថាការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមាន ទៅបានដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និង មតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ឋផ្សេងៗទៀត និង ត្រូវដឹងឲ្យបានច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាចធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់ ។ ត្រូវស្វែងយល់ពីតម្រូវការ ដែលទទួលបានលទ្ធផលល្អប្រសើរលុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ចុះទៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយឲ្យបានសមស្របទាន់ពេលវេលា និងត្រូវរាយការណ៍ពីបញ្ហាប្រឈមនានា ដែលមិនអាចដោះស្រាយបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
បញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងស្រុកជីក្រែង ផ្តោតទៅលើបញ្ហាចរន្តអគ្គិសនីខ្សោយ ,បញ្ហាដីធ្លី , ផ្លូវ , ការ រៀបចំគូសគំនូសចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ ,ការស្តារស្ទឹង , អាងទឹក និង សេវាសុខាភិបាល , បញ្ហាដីតំបន់៣ បឹងទន្លេសាប និង សុំបញ្ចូលភូមិឃុំសង្កាត់មានសុវត្ថិភាព ទៅក្នុងកម្មវិធីសិក្សាតាមសាលា ។ ក្នុងអង្គវេទិកានេះដែល សមាជិកសមាជិកា បានលើកជាសំណួរ និង សំណូមពរ ផ្ទាល់មាត់ ចំនួន២៨ និង ជា លាយល័ក្ខណ៍អក្សរ ចំនួន១៣ ។ ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការដោះស្រាយបំភ្លឺ នូវសំណួរនិងសំណូមពរដែលប្រជាពលរដ្ឋលើកជាក់ស្ដែង ។
មានប្រសាសន៍ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកជីក្រែង ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និង សំណូមពររបស់ពួកគាត់។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង ជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរឃុំ ស្រុក សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែល បងប្អូនបានលើកឡើង ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ជូនបងប្អូនប្រជាពលរដ្ឋ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *