ក្រុមយុវជនគណបក្សកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ពួកគេមានការព្រួយបារម្ភអំពីការបាត់បង់ ខ្លែងឯក ដែលជាមរតកសិល្បៈដ៏ចំណាស់របស់ខ្មែរ ខណៈដែលចំនួនអ្នកដែលចេះចាំជំនាញធ្វើខ្លែងនេះ កាន់តែតិចទៅ ។
លោក ហូ សម័យ ប្រធានក្រុមការងារយុវជនខេត្ត ចុះមូលដ្ឋានស្រុកសូទ្រនិគម បានលើកឡើងថា ក្នុងនាមជាយុវជនម្នាក់ លោកពិតជាមានការព្រួយបារម្ភពីការបាត់បង់ ខ្លែងឯកខ្មែរ ដែលជាមរតកសិល្បៈដ៏ផូរផង់របស់ខ្មែរយើង ។ ដូច្នេះទើបលោក រួមជាមួយក្រុមការងារយុវជនមកពីបណ្តាក្រុង ស្រុកផ្សេងៗនាំគ្នាមករៀនសូត្រអំពីរបៀបធ្វើខ្លែង របៀបធ្វើឯក ពីសំណាក់ព្រឹទ្ធាចារ្យដែលលោកនៅចេះចាំ ។ លោក ហូ សម័យ បន្តថា “ថ្ងៃនេះយើងបាននាំយុវជនជាង៣០នាក់មករៀនជាមួយលោកតា ស៊ន់ ដែលរស់នៅភូមិព្រំកុដ្ឋ សង្កាត់បល័ង្គ ក្រុងរុនតាឯកតេជោសែន រៀនដើម្បីថែរក្សាប្រពៃណីវប្បធម៌យើង រៀនពីរបៀបធ្វើខ្លែងឯក ។ ព្រោះយើងព្រួយបារម្ភខ្លាចនៅពេលខាងមុខនិងបាត់បង់ ដោយសារចាស់ៗពីមុនដែលគាត់ចេះហ្នឹងស្ទើរបាត់អស់ទៅហើយ ដោយយុវជនយើងសម័យនេះក៏មិនបានជាគិតគូរឬក៏ខ្វាយខ្វល់អំពីការធ្វើខ្លែងឯកទៀតទេ ។ ថ្ងៃនេះយុវជនយើងមកពីបណ្តាក្រុង ស្រុកផ្សេងៗគ្នា បានមករៀនពីរបៀបធ្វើឯកឲ្យឮ របៀបបិតឫស្សី ជាពិសេសរបៀបធ្វើកន្ទុយដែលយកស្លឹកត្នោតមកត្បាញតភ្ជាប់ជាប់គ្នា” ។
លោក លឺ ភារុណ ប្រធានក្រុមការងារយុវជនចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន បានលើកឡើងផងដែរថា នេះជាការពិតសម្រាប់លោកផ្ទាល់ ដែលពីមុនមកលោកធ្លាប់ឃើញតែខ្លែងសេរី ហើយទើបតែធ្លាប់ឃើញខ្លែងឯកជាលើកទី១នៅពេលដែលមករៀននេះប៉ុនណ្ណោះ ។ លោកបានលើកឡើងថា ដូច្នេះហើយដើម្បីឲ្យយុវជនជំនាន់ក្រោយបានស្គាល់ និងបានថែរក្សាមរតកវប្បធម៌ដូនតានេះ ទើបលោកសហការជាមួយលោកស្រីចៅសង្កាត់បល្ល័ង្គ ស្នើសុំឲ្យលោកតា ស៊ន់ ជួយបង្ហាត់បង្រៀនអំពីរបៀបធ្វើខ្លែងឯកនេះ ។
ក្នុងនោះដែរលោក ខៀវ ប្រសើរ ប្រធានផែនការនិងរបាយការណ៍ និងជាតំណាងឲ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានធ្វើការអំពាវនាវដល់យុវជនទាំងអស់ ឲ្យចូលរួមជួយថែរក្សាវប្បធម៌ប្រពៃណីដែលដូនតាយើងបានបន្សល់ទុកឲ្យ ដោយនាំគ្នាសិក្សាស្វែងយល់ និង គាស់រំលឹកមកវិញនូវអ្វីដែលស្ទើរនឹងបាត់បង់ ដូចជាខ្លែងឯកនេះជាដើម ។ លោកបានលើកឡើងថា ពាក់ព័ន្ធនឹងខ្លែងឯកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានកសាងសារមន្ទីរខ្លែងខ្មែរតាំងពីឆ្នាំ២០០៣ ប៉ុន្តែសួរថាតើយុវជនយើងប៉ុន្មាននាក់ដែលដឹង? ដូចនេះសូមយុវជនយើងទៅសិក្សាស្វែងយល់បន្ថែមពីខ្លែងឯកនៅទីនោះផ្ទាល់ ។ ហើយក៏មានសមាគមអភិរក្ស និង អភិវឌ្ឍខ្លែងខ្មែរ ដើម្បីប្រមូលអ្នកស្រលាញ់វិស័យខ្លែងឯកខ្មែរ ឲ្យមកជួយថែរក្សាលើកស្ទួយវប្បធម៌ប្រពៃណីមួយនេះ និង ដើម្បីចែករំលែកចំណេះដឹងផងដែរ ។
ទន្ទឹមនឹងការព្រួយបារម្ភអំពីការបាត់បង់នេះក្រុមយុវជនបក្សខេត្តសៀមរាប បានបង្ហាញនូវការរំពឹងខ្ពស់ថា តាមរយៈ ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និង មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ នឹងនាំយកនូវខ្លែងឯក ដែលជាសម្បត្តិវប្បធម៌របស់ខ្មែរនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ ។
សូមជម្រាបថា ដើម្បីថែរក្សា និងផ្សព្វផ្សាយអំពីខ្លែងឯកខ្មែរនេះ រដ្ឋបាលខេត្តសៀមរាប នឹង ប្រារព្ធព្រឹត្តិការណ៍បង្ហោះខ្លែងដ៏ធំមួយរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ដល់ទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះសៀមរាបចាស់ នាក្រុងសៀមរាប ។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នករៀបចំរំពឹងថា នឹងមានខ្លែងឯកមកពីបណ្តាខេត្តនានាមកចូលរួមប្រមាណ១០០ខ្លែង រួមជាមួយនឹងខ្លែងសេរីមួយចំនួនផងដែរ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប