មានប្រសាសន៍លើកឡើង នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និង ទុតិយភូមិ ជូនដល់សិស្សនិទ្ទេសAនិងសិស្សានុសិស្សជ័យលាភីនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ សម្រាប់ឆ្នាំសិក្សា ២០២៣.២០២៤ ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលា អន្តរជាតិ ភ្យូឆឺរប្រាយ បានបញ្ជាក់ថា ស្ថិតក្រោមដំបូលសុខសន្តិភាពពេញលេញ បានធ្វើឲ្យមានការ អភិវឌ្ឍលើគ្រប់វិស័យ ដែលជាសមទ្ធិផលធំៗជាច្រើន ។ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ ទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចលះបង់ទាំងកម្លាំងកាយចិត្ត រហូតសម្រេចបានលទ្ធផលជាទីមោទនៈ និង សូមឲ្យបន្តស្មារតីសហការគ្នា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែរីកចម្រើនជានិរន្ត។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត បានរំលឹកឡើងនូវអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកការអភិវឌ្ឍធនធានមនុស្ស ជាការងារអាទិភាពត្រូវវិនិយោគ ក្នុងដំណាក់កាលទី១ នៃសាស្ត្របញ្ចកោណ ដែលជាភារកិច្ចចម្បងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានដាក់ចេញនូវ ស្តង់ដាសាលាគំរូ ចំនួន ៥ ដែល ផ្តោតលើ (ទី១) លទ្ធផលសិក្សារបស់សិស្ស (ទី២).ការបង្រៀននិងរៀន (ទី៣). ការចូលរួមរបស់សហគមន៍ (ទី៤). ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន(ទី៥).គណនេយ្យភាពរបស់សាលារៀន។ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា បានបន្តទៀតថា រាជរដ្ឋាភិបាល កម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ បន្តការពារ និង ថែរក្សាសន្តិភាពនៅកម្ពុជា ឲ្យគង់វង្សស្ថិតស្ថេរជានិរន្ត ដើមី្បអភិវឌ្ឍ ប្រទេស នៅលើគ្រប់វិស័យ សំខាន់លើការបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ។ ឯកឧត្តម បាន គូសបញ្ជាក់ថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាល លើកកម្ពស់ពីគុណភាពអប់រំ ដើមី្បអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សំដៅជម្រុញដល់យុវជនកម្ពុជាឲ្យក្លាយជាទំពាំងស្នងឬសី្ស សម្រាប់ចូលរួមអភិវឌ្ឍប្រទេសទៅអនាគត ។ ម៉្យាងទៀត ដើមី្បធានាបានគុណភាពនៃធនធានមនុស្ស គឺទាមទារការចូលរួមពីមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ចូលរួមក្នុង ការអប់រំកូន ចៅរបស់ខ្លួន ឲ្យស្រឡាញ់ការសិក្សាពេញមួយជីវិត និង យកចិត្តទុកដាក់ខ្ពស់លើការសិក្សា ដើមី្បទទួលបាន ចំណេះដឹង ជំនាញ និង បំណិនជីវិត បន្តការសិក្សាឲ្យបានជោគជ័យ សំដៅអភិវឌ្ឍជីវិតខ្លួនឯង និងគ្រួសារ ក្នុងការចូលរួម អភិវឌ្ឍប្រទេសជាតិ ។តាមការបញ្ជាក់របស់លោកនាយកនៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ បានបញ្ជាក់អំពីលទ្ធផលសិស្សដែលប្រឡង ជាប់មធ្យមសិក្សាបឋមភូមិចំនួន៩៣ នាក់ ,សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ចំនួន៨៥នាក់ និទ្ទេស A១៩នាក់និទ្ទេស B២៧នាក់ និង និទ្ទេស C៣៩នាក់ ព្រមទាំងគ្រូឆ្នើម សិស្សឆ្នើម នៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយផងដែរ ។
ក្រោយពីការសំណេះសំណាល ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានផ្តល់ជូនសម្ភារៈសិក្សា ដល់សិស្សជ័យលាភីដែលបានប្រឡងជាប់និទ្ទេស Aទាំង១៩នាក់ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រយួរមួយគ្រឿង ដើម្បីជាការលើកទឹកចិត្តនិងជម្រុញឲ្យសិស្សានុសិស្សបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងបានប្រគល់វិញ្ញាបនបត្របណ្តោះអាសន្ន ដល់សិស្ស ឆ្នើមនៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ ផងដែរ ។
ពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និង ទុតិយភូមិ ជូនដល់សិស្សនិទ្ទេស A សិស្សានុសិស្ស ជ័យលាភី នៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ សម្រាប់ឆ្នាំសិក្សា ២០២៣.២០២៤ បានប្រព្រឹត្តទៅក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត សៀន សុវណ្ណា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្ថាបនិក និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃសាលា អន្តរជាតិ ភ្យូឆឺរប្រាយ និង លោកជំទាវបណ្ឌិត យូ សុធារី ស្ថាបនិក និងជាម្ចាស់សាលា អន្តរជាតិ ភ្យូឆឺរប្រាយ និង ឯកឧត្តម ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដោយមានការចូលរួមពីអស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធក្រុង ស្រុក តំណាងសាកលវិទ្យាល័យក្នុងខេត្ត តំណាងអង្គការដៃគូរ និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្ស ប្រមាណជា ១ពាន់នាក់ចូលរួម ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប