រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ គោលដៅទី៤ នៅស្រុកស្វាយលើ

រដ្ឋបាលខេត្ដសៀមរាប បានធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ គោលដៅទី៤ស្រុកស្វាយលើ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានវត្តមានការនិមន្តអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត- លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរ រដ្ឋអំណាចមូលដ្ឋាន តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃប្រមាណជា៣០០អង្គ/នាក់ នាព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ ក្នុងបរិវេណវត្តរតនៈមុនីគោត្តម ឃុំតាសៀម ស្រុកស្វាយលើ
វេទិការនេះ មានគោលបំណងបង្ហាញឲ្យប្រជាពលរដ្ឋ បានដឹងអំពីសមិទ្ធផលដែលក្រុមប្រឹក្សាខេត្ត ក៏ដូចជារដ្ឋបាលខេត្ត សម្រេចបាននាពេលកន្លងមក ជាពិសេសពិភាក្សាពិគ្រោះយោបល់ និង ស្ដាប់ការលើកឡើង និងសំណូមពរពីបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យមានភាពល្អប្រសើរ ។
ឯកឧត្ដម លី សំរិទ្ធ មានប្រសាសន៍បើកវេទិកានេះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ប្រចាំឆ្នាំស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង បានផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមនានា ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ ទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដែលវាគ្មិន ដែលជាប្រធាន ឬ តំណាងមន្ទីរ-អង្គភាពនានា ក្នុងខេត្តនឹងធ្វើការ ព្រមទាំងការបកស្រាយបំភ្លឺនូវសំណួរ-សំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង បានសមស្របតាមគោល បំណង នៃសាមីសំណួរ-សំណូមពរ ចង់បាន។ ឯកឧត្ដមបានលើក នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និង អាទិភាពគន្លឹះចំនួន៥ មាន(មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា)របស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម លី សំរិទ្ធ បានបន្តថា ការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមាន ទៅបានដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និងមតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន អ្នកពាក់ព័ន្ធផ្សេងៗទៀត និងត្រូវដឹងឲ្យបានច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាច ធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់។
អង្គវេទិកាថ្ងៃនេះទទួលបានសំណួរ និងសំណូមពរផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីចំនួន១៩ និងជាលាយល័ក្ខណអក្សចំនួន៩ ពាក់ព័ន្ឋទៅនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង វិស័យអប់រំ កសិកម្ម ច្បាប់ចរាចរណ៍ជាដើម ។ អង្គវេទិកាក៏មានវាគ្មិនបានធ្វើការបកស្រាយបំភ្លឺឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ ដោយឡែក សំណួរសំណូមពរជាលាយលក្ខ័អក្សរចំនួន៩នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្ត នឹងប្រមូលយកសំណួរ និងសំណូមពរទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន ។
ក្រោយពីពិភាក្សាពិគ្រោះយោបល់ អស់រយៈពេលមួយព្រឹក ឯកឧត្តម លី សំរិទ្ឋ បានបញ្ជាក់ថា អង្គវេទិកានេះ នឹងជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ឲ្យការដោះស្រាយប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមបញ្ជាក់ថា រដ្ឋបាលខេត្តនឹងនាំយកនូវសំណូមពរនិងកង្វល់ទាំងនេះដើម្បីធ្វើការពិនិត្យ ពិចារណានិងដោះស្រាយសំដៅលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងឈានទៅរកការកាត់បន្ថយភាពក្រីក្រ ដើម្បីឲ្យវិស័យសេដ្ឋកិច្ចនិងសង្គមជាតិមានការរីកចម្រើនទៅមុខៗ ។ ឯកឧត្តម បានស្នើដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីអង្គភាពជំនាញពាក់ព័ន្ឋ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពរនិងតម្រូវការចាំបាច់៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *