នៅចុងសប្តាហ៍រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានអញ្ជើញទៅកាន់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទជិត ១០០នាក់ ដែលរស់នៅក្នុងតំបន់នោះ។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម ឌិត ទីណា បានធ្វើការសំណេះសំណាលជាមួយប្រជានេសាទ ដើម្បីស្វែងយល់អំពីជីវភាពប្រចាំថ្ងៃ ព្រមទាំងស្ដាប់នូវសំណូមពរផ្សេងៗរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែងជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្តេចបានអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ និង បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសជលផលថ្នាក់ជាតិប្រចាំស្នាក់ការកំពង់ភ្លុកផងដែរ។ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសុំឲ្យបងប្អូនប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ដោយធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល ។ ព្រោះការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់បងប្អូនប្រជានេសាទ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឲ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើង នៅក្នុង រយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ចំពោះសំណូមពរមួយចំនួនដែលបងប្អូនប្រជានេសាទបានលើកឡើង ឯកឧត្តមរដ្ឋមន្ដ្រីបានចាត់តាំងមន្ដ្រីជំនាញឲ្យសិក្សានិងដោះស្រាយជូនបងប្អូនប្រជានេសាទឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ទៅតាមអ្វីដែលបងប្អូន ប្រជានេសាទ បានលើកឡើង៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប