ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។
-នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០០នាទី មានករណី: ប៉ុនប៉ងឃាតកម្ម ( បាញ់ដោយអាវុធកែច្នៃ ) នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលបង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើអាវុធកែច្នៃ ពួនក្បែរគល់ឈើ លបបាញ់ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន កម្ពុជាអភិវឌ្ឍន៍ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ចំនួន០១គ្រាប់ ត្រូវចំត្រង់ពោះ ពីចំហៀងផ្នែកខាងឆ្វេង ទៅពោះផ្នែកខាងស្តាំ (បៀមគ្រាប់ជាប់) ក្រោយពីធ្វើសកម្មភាពហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ ។
-បន្ទាប់ពីទទួលបានព័ត៍មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ . លោកវរសេនីយ៍ឯក ឡាយ សុជីវ័ន្ត ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ . លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណីនេះ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចកំណត់បានអត្តសញ្ញាណ និងនាំខ្លួនឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប យកមកធ្វើការសាកសួរ ។
-នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ បានឆ្លើយសារភាពថា: រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមក ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស ជាអ្នកសារព័ត៍មាន តែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយ ថែមទាំងនិយាយថា បើមិនឲ្យប្រាក់ទេ នោះរូបគេនិងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង ២០០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យទៅជនរងគ្រោះ ចំនួនពីរដង ស្មើនិង ចំនួន៤០០០០រៀល ប៉ុន្តែក្រោយមកជនរងគ្រោះ ចេះតែមកទារប្រាក់ទៀត ដោយរូបខ្លួនរកប្រាក់មិនបាន ទើបរូបខ្លួនខឹងនិងជនរងគ្រោះ ។ នៅវេលាម៉ោង០៨ និង ០០នាទី ថ្ងៃទី០៤.១២.២០២៤ រូបខ្លួនបានបើកគោយន្តកន្ត្រៃ ទៅស្រែនៅស្វាយប៉ា ស្ថិតក្នុងភូមិត្រពាំងភ្លោះ ដោយរូបខ្លួនបានយកអាវុធកែច្នៃ ( កាំភ្លើងឆ្នុក ) ដាក់ទៅជាមួយ ក្រោយពេលទៅដល់ស្រែ រហូតដល់ម៉ោង១៦និង៣០ នាទី ក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល១៨ និង០០នាទី ក៏បានឃើញ ឈ្មោះ ឈឿង ឈឹង និងគ្នាគាត់ម្នាក់ទៀតមិនស្គាល់ឈ្មោះ ឈប់ម៉ូតូចំនួន០២គ្រឿង នៅនិងមាត់ផ្លូវ រូបខ្លួនក៏បើកគោយន្តកន្រ្តៃ ទៅមុខបានប្រហែលជាង១០០ម៉ែត្រ ដោយគិតថាឈ្មោះ ឈឿង ឈឹង មកទារប្រាក់ ទើបមានកំហឹង ក៏ឈប់គោយន្ត ហើយយកកាំភ្លើងឆ្នុក ដើរទៅស្ទាក់ផ្លូវជនរងគ្រោះ ដោយពួនក្បែរគល់ឈើមាត់ផ្លូវ លបចាំបាញ់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះនិងគ្នារបស់គេ បានជិះម៉ូតូ សំដៅទៅផ្ទះ ដោយជនរងគ្រោះជិះមុខ រូបខ្លួនបានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ មួយគ្រាប់ចំខ្លួន ក្រោយពេលធ្វើសកម្មភាពហើយ បានរត់ត្រឡប់មកយកគោយន្ត ជិះគេចខ្លួនមកផ្ទះតែម្តង ចំពោះគោលបំណង ដែលខ្លួនបាញ់ជនរងគ្រោះនេះ បំណងបាញ់ឲ្យរបួស ដើម្បីឲ្យរាងចាលកុំឲ្យដើរទារប្រាក់គេ បន្តទៀត ។
+វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនដៃដល់ :
១-គោយន្តកន្ត្រៃ ចំនួន០១
២-កាំភ្លើងកែច្នៃ ( កាំភ្លើងឆ្នុក ) ចំនួន០១
៣-កាណុងសេកាសេចំនួន០១ដើម
៤-កូនកាំបិតចំនួន ០១
៥-គ្រាប់កាំកង់ ចំនួន ៦៤គ្រាប់
៦-គីប( ក្បាលគ្រាប់រំសេវសំបកក្រហម )ចំនួន៦២គ្រាប់
៧-កូនសោលេខ១០ ចំនួន០២
៨-កាបូបស្ពាយចំនួន០១, រំសេវកន្លះដប ។
+បច្ចុប្បន្នជនដល់ដៃដល់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់ ។