ពិធីប្រណាំងទូក “ង”ខេត្តសៀមរាប បានបញ្ចប់ ប្រកបដោយបរិយាកាសល្អប្រសើរ បង្កលក្ខណៈ សប្បាយរីករាយ ដល់ភ្ញៀវជាតិ អន្តរជាតិ និង រក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តសៀមរាប រយៈពេលពីរថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈក្នុងពិធីនេះ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនប្រមាណជាង ២៧ម៉ឺននាក់បានចូលមកកម្សាន្ត ។ នៅក្នុងពិធីបិទកម្មវិធីប្រណាំទូក នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង វត្តមានរបស់ឯកឧត្តម អានទ្រេ ផាសត្រាណា អារ៉ាហ្គូ ប្រធានអង្គការ លោកជំទាវបណ្ឌិត ហ្សូហ្សាណា រ៉ាហូ (Zsuzsanna RAHOI) ទីប្រឹក្សានយោបាយជាន់ខ្ពស់នាយករដ្ឋមន្ត្រីហុងការី ឯកឧត្តម ទីប៊ឺ បាឡូឌី (Tiber Baloghdi) អគ្គរដ្ឋទូតហុងការីប្រចាំប្រទេសកម្ពុជា វៀតណាម ឡាវ ុ។
មានប្រសាសន៍បិទការប្រណាំងទូកនោះដែរឯកឧត្តម លី សំរិទ្ធ បានបញ្ជាក់ថា ទោះបីជាថ្ងៃបញ្ចប់នៃការប្រណាំងទូក ប៉ុន្តែពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខេត្តសៀមរាបឆ្នាំ២០២៤ ក៏នៅមានកម្មវិធីកម្សាន្តសប្បាយរយៈពេលមួយថ្ងៃទៀត ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ។ ឯកឧត្តមបានបន្តថា ក្នុងរយៈពេលពីរថ្ងៃនេះ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកមានចំនួនប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៨ពាន់៩៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង ១៣,១ភាគរយ ។ ឯកឧត្តមក៏បានថ្លែកោតសរសើរ ចំពោះ អនុគណៈកម្មការរៀបចំពិធីទាំង៧ ក្នុងការរៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញ ខេត្ត ដែលបានរៀបចំទូក “ង” ចូលរួមក្នុងការប្រកួត ហើយបានខិតខំប្រឹងប្រែងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យដំណើរការទូទៅក្នុងពិធីបុណ្យអុំទូកនេះ ទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ។ ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាលោកស្រី អស់លោក ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួនធ្វើអំណោយឧបត្ថម្ភដោយទឹកចិត្តសប្បុរសថ្លៃថ្លាជូនចំពោះគណៈកម្មការរៀបចំពិធី និង ជូនដល់កីឡាករ កីឡាការិនីដោយផ្ទាល់ ដែលជាវប្បធម៌ចែករំលែក នៃមហាសាមគ្គីភាពគ្រួសារខ្មែរ ។ ក្នុងនោះ ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាករ កីឡាការិនីទូកទាំងអ្នកឈ្នះ និង អ្នកមិនមានចំណាត់ថ្នាក់ ត្រូវបន្តការហ្វឹកហាត់បច្ចេកទេសរបស់ខ្លួនបន្តទៀត ដើមី្បត្រៀមលក្ខណៈចូលរួមប្រកួននៅឆ្នាំបន្ត ឬក៏ក្នុងពិធីផ្សេងៗផងដែរ ។ ម៉្យាងទៀត ចំពោះអ្នកទទួលបានចំណាត់ថ្នាក់ ក៏មិនត្រូវមានមោទនភាពនៃជ័យជំនះរបស់ខ្លួនក្នុងឆ្នាំនេះដែរ ក៏ត្រូវបង្កើនសមត្ថភាពបច្ចេក ទេសរបស់ខ្លួនបន្តទៀតផង ។
សូមជម្រាបផងដែរថា ចំពោះកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបនេះ បានប្រព្រឹត្តបានល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ក្នុងនោះ ស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេលមុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយដងស្ទឹងសៀមរាប មានការថយចុះនូវការបោះចោលសម្រាម និងកាកសំណល់ផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងពិធីប្រណាំងទូក ដែលបញ្ជាក់ឲ្យឃើញថា ការយល់ដឹងពីផលប្រយោជន៍នៃការថែរក្សាបរិស្ថាន អនាម័យរបស់បងប្អូនប្រជាពលរដ្ឋយើងមានការកើនឡើង៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *