ក្បួនដង្ហែរព្រះបាទ ជ័យវរ្ម័ន ក្នុងព្រឹត្តិការណ៍ (ស្នាមញញឹមនៃកម្ពុជា)

នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ អាកាសធាតុដ៏ត្រជាក់ហាក់ដូចប្រទានពីទេវតាសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ (ស្នាមញញឹមនៃកម្ពុជា)បានប្រព្រឹត្តិទៅដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក ។ (ស្នាមញញឹមនៃកម្ពុជា) ជាសកម្មភាពសង្គម ដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា។
ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្តនិងអំណរចិត្តនៅក្នុងសង្គមខ្មែរ ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឲ្យស្នាមញញឹម ក្លាយជាសញ្ញានៃសន្តិភាព និង សាមគ្គីភាព ។ (ស្នាមញញឹមនៃកម្ពុជា) កម្មវិធីនេះ ជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតីនៃកម្ពុជាដែលគួរឱ្យស្រលាញ់ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តការណ៍នេះ មិនត្រឹមតែមានន័យជាការអបអរសាទរនៅលើសម្ដែងស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍសហគមន៍ជាមួយគ្នា។
ការដង្ហែរព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកឲ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយ ឲ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ ។ ព្រឹត្តិការណ៍នេះ ក៏ជាការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ។
ក្នុងពិធីដង្ហែរនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត សម្តែងជាតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សម្តែង ជាព្រះនាង ឥន្ទ្រទេវី ។ នៅខាងក្រៅបរិវេណប្រាង្គប្រាសាទអង្គរតូច មានមហាជនជាច្រើនបានឈររង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យដ៏កម្របានទស្សនានេះ ជាច្រើនកុះករ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *