កិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ របស់អនុគណៈកម្មការ បច្ចេកទេស និង ផ្គត់ផ្គង់អុចកាំជ្រួច និងបណ្តែតប្រទីប

ដើមី្បអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅថ្ងៃខាងមុខនេះ នារសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានធ្វើការប្រជុំរបស់អនុគណៈកម្មការបច្ចេកទេស ក្រោមកិច្ចដឹកនាំ ប្រជុំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេស ដើមី្បត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត និងជាអនុប្រធាន គណៈកម្មការបច្ចេកទេស បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ ដោយបញ្ជាក់ថា មកដល់ពេលនេះលេខាធិការដ្ឋាន នៃគណៈកម្មការ បានទទួលក្នុងការចុះឈ្មោះទូកដែលត្រៀបចូលរួមប្រកួតអុំ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តទៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប នៅថ្ងៃទី១៤.១៥ ខែវិច្ឆិកាខាងមុខនេះ ។
លោក អ៊ឹង គឹមលាង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ។ លោកក៏បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានការខុស ប្លែបពីបណ្តាឆ្នាំមុនៗ ហើយក៏ជាកិត្តិយសផងដែរ ដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក បានចូលរួមធ្វើការប្រកួត បើកវគ្គដំបូង ដើមី្បអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងមានការទទួលជ័យលាភីទៀតផង ។ លោក អ៊ឹង គឹមលាង ក៏បានធ្វើការណែនាំមួយចំនួន ដល់ ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំទីលានប្រកួតឲ្យបានល្អ ទាំងសោភ័ណ្ឌភាព បរិស្ថាន អនាម័យ និង ធានាសុវត្ថិភាព ដល់ក្រុមកីឡាករ ។ ម៉្យាងទៀត អនុគណៈកម្មការបច្ចេកទេស ត្រូវមើលការខុសត្រូវខ្ពស់លើការចាប់ផ្គូរផ្គងទូក ទៅតាមប៉ូល នីមួយៗ ប្រកបដោយភាពសុក្រឹត្យ និង គ្រប់គ្រងឲ្យបានចំនួនកីឡាករ កីឡាការិនី ចំណុះទូកនិមួយៗឲ្យបានត្រឹមត្រូវ ទៅតាមឈ្មោះកីឡាករ ដែលគណៈកម្មការទទួលបាន ។ ក្នុងនោះលោកក៏បានជម្រុញដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដែលពុំទាន់មានទូក ក៏ត្រូវប្រញ៉ាប់កំណត់ទូក ដែលខ្លួនត្រូវធ្វើការឧបត្ថម្ភ គាំទ្រ ក្នុងការគ្រប់គ្រងឧបត្ថម្ភដល់កីឡាករ ក្នុងពេលហ្វឹកហាត់ និង កំណត់ទីកន្លែងស្នាក់នៅផងដែរ ។ អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឲ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ ។
នៅរសៀលថ្ងៃនោះដែរ អនុគណៈកម្មការផ្គត់ផ្គង់ អុចកាំជ្រួច និង បណ្តែតប្រទីប បានបើកការប្រជុំរបស់ខ្លួន ក្រោម ការដឹកនាំរបស់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ អុចកាំជ្រួច និង បណ្តែតប្រទីប
ក្នុងសេចក្តីរាយការណ៍ របស់អនុប្រធានអនុគណៈកម្មការ បានលើកឡើងពីគម្រោង លើការចំណាយ ក្នុងការរៀបចំ ធ្វើប្រទីប របស់សាលាខេត្ត និង ការរៀបចំតុបតែង សោភ័ណ្ឌភាព នៅតាមដងមាត់ស្ទឹង និង ការគ្រប់គ្រងប្រទីប តាមបណ្តាមន្ទីរ អង្គភាពរួចមក លោក ង៉ូវ សេងកាក់ បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ដោយផ្តោតទៅលើការរៀបចំប្រទីប របស់មន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ពីសុវត្ថិភាពជាចំបង ចំពោះការរៀបចំខ្សែចរន្តអគ្គិសនី នៅតាមប្រទីបរបស់ខ្លួន ។ ម៉្យាងទៀត ធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណ អត្ថន័យ ពីប្រទីបរបស់ខ្លួន ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលអញ្ជើញមកចូលរួមកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកឆ្នាំ២០២៤នេះ ដែលជាឆ្នាំទស្សនាសៀមរាប៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *