នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប
ឆ្លងតាមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី អស់រយៈពេល៤ខែ ដល់សិស្សនគរបាលទាំង ១៨៣នាក់នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបរួចមក ត្រូវបានធ្វើពិធីបិទវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា តំណាងឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជានាយក នាយករងសាលា ស្នងការរងនៃ បណ្តាខេត្តចំណុះភូមិភាគ៤ ផងដែរ ។
បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ សាយ រឹទ្ធិសក្តិ នាយកសាលា បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃការ ងារបណ្តុះបណ្តាលដល់សិស្សនគរបាល ព្រមទាំងពីការកសាងសមទ្ធផលក្នុងអង្គភាពរួចមក មានប្រសាសន៍ក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង បានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាព វិជ្ជាជីវ: នៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅ និងការវិវត្ត នៃស្ថានការសន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនិងតម្រូវការ នៃអង្គភាពនគរបាល ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ របស់សាលានគរបាលជាតិភូមិភាគ៤ ដើម្បីឆ្លើយតបនិងតម្រូវការនៃការបណ្តុះបណ្តាល ក្នុងយុគសម័យនៃសន្តិភាព និងប្រទេសជាតិ បានកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការ នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវ:របស់កងកម្លាំងនគរបាលជាតិ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យ ជឿនលឿន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង បានធ្វើការផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងពីរភេទ ត្រូវគោរពឲ្យបាននូវបទបញ្ជា អង្គការវិន័យរបស់កងកម្លាំងនគរបាល ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងបទពិសោធន៍ល្អៗមួយចំនួន ដល់សិស្សនគរបាលទាំងអស់ សម្រាប់យកទៅអនុវត្ត ជាមន្ត្រីនគរបាលយុត្តិធម៌ និង ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលដ្ឋានខ្លួន ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៅពេលចេញទៅបម្រើការងារនៅតាមមូលដ្ឋានខ្លួន យើងត្រូវបន្តធ្វើការសិក្សាស្វែងយល់ជំនាញរបស់ខ្លួនបន្ថែមទៀត ព្រមទាំងរក្សានូវក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងកាបម្រើ ប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវសុភាសិទ្ធមួយឃ្លាលើកឡើងថា (នៅឲ្យគេស្រឡាញ់ ពេលចាកចេញឲ្យគេនឹករលឹក) ហើយក៏ជាការជឿជាក់របស់រាជរដ្ឋាភិបាលទៀតផង ។ ឯកឧត្តម ក៏បានថ្លែងកោតសរសើរដល់សិស្សនគរបាលជ័យលាភី ទាំងអស់ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់ប្អូនៗឲ្យយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ ក្នុងនោះឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរជាតិភូមិភាគ៤ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប