ប្រទេសកម្ពុជា ចូលរួមក្នុងចលនាសកល ប្រឆាំងនឹងអំពើជួញដូរមនុស្ស ជាមួយនឹង ព្រឹត្តិការណ៍ដើរ ដើម្បីបញ្ឈប់ អំពើជួញដូរ មនុស្សដ៏ធំបំផុត

ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស បានធ្វើឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ ព្រឹត្តិការណ៍នេះត្រូវរៀបចំដោយអង្គការអេ២១ប្រចាំកម្ពុជា ដោយសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង រដ្ឋបាលខេត្តសៀមរាប និង ការមានចូលរួម ពីឯកឧត្តម លោកជំទាវ តំណាងអន្តរជាតិ និង លោក Nick និង Christine Caine ស្ថាបនិកអង្គការអេ២១ ព្រមទាំងថ្នាក់ ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា នារីការិទ្ធកម្ពុជា សិស្សានុសិស្ស និង វិស័យឯកជន ចំនួនប្រមាណជា១ពាន់នាក់ ដែលបានចូលរួម នៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ។
កញ្ញា Kristen Scharf នាយិកាអង្គការអេ២១ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់អំពីវិបត្តិអំពើជួញដូរមនុស្សនៅទូទាំងពិភពលោក ដោយសង្កត់ធ្ងន់ថា វិបត្តិនេះបានជះឥទ្ធិពលលើគ្រប់ប្រជាជាតិ និងទីតាំងភូមិសាស្ត្រទាំងអស់ ។ កញ្ញានាយិកាអង្គការអេ២១បានគូសបញ្ជាក់អំពីសារសំខាន់ ជាសកលនៃព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅខេត្ត ក្រុង ចំនួន ៤០០ នៅ ៤២ប្រទេសនៅលើពិភពលោក ។ កញ្ញានាយិកាប្រចាំប្រទេសកម្ពុជា បានធ្វើការកត់ សម្គាល់ថា “ថ្ងៃនេះមិនត្រឹមតែជាព្រឹត្តិការណ៍មួយទៀតប៉ុណ្ណោះឡើយ ពោលគឺ វាជាសេចក្តីប្រកាសមួយ ហើយក៏ជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់ទៅកាន់ប្រជាជាតិរបស់យើង និងពិភពលោកថា ប្រទេសកម្ពុជា បន្តរួបរួមគ្នាប្រឆាំងនឹងអំពើជួញដូរមនុស្ស” ។ កញ្ញា Scharf បានលើកទឹកចិត្តអ្នកចូលរួមឲ្យបន្តស្វែងរក មតិគាំទ្រនៅក្នុងសហគមន៍របស់ពួកគេ គាំទ្រជនរួចជីវិតពីគ្រោះថ្នាក់ និងបន្តទទួលបានព័ត៌មានដើម្បី ការពារសុវត្ថិភាពខ្លួនឯងពីអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួចមក មានប្រសាសន៍បើកយុទ្ធនាការដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជា មួយនឹងព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើ ជួញដូរមនុស្ស ដែលត្រូវបានរៀបចំឡើងនៅខេត្តក្រុងចំនួន ៤០០ នៅ៤២ប្រទេស លើកពិភពលោកនេះ ។ ព្រឹត្តិការណ៍នៅខេត្ត សៀមរាបនេះ គឺជាព្រឹត្តិការណ៍ធំបំផុតនៅទូទាំងពិភពលោក ដោយបានទាក់ទាញអ្នកចូលរួមជាង ១ពាន់នាក់ រួមមាន មន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអនុវត្តន៍ច្បាប់ អ្នកមានឥទ្ធិពលនៅលើបណ្តាញទំនាក់ទំនងសង្គម យុវជន និងសមាជិកសហគមន៍ ។ ក្នុងព្រឹត្តិការណ៍នេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង កិច្ចគាំពារជនរងគ្រោះ ។ លោកជំទាវបានបញ្ជាក់ថា ជាការកត់សម្គាល់ចំពោះការរៀបចំព្រឹត្តិការណ៍ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាប នៅក្នុង រយៈពេលបីឆ្នាំជាប់គ្នានេះ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសហគមន៍ចម្រុះគ្នា ក្នុងការបង្ហាញអំពីក្តីសង្ឃឹម និងភាពធន់ ដែលជម្រុញនូវជំហរឯកភាពមួយប្រឆាំងនឹងបញ្ហាសកលដ៏បន្ទាន់នេះ។ ដើម្បីបុព្វហេតុនេះ ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងបានជម្រុញឲ្យមានវិធានការនានាសំដៅសម្រេចបានពេលអនាគតមួយ ដែលគ្មានអំពើកេងប្រវ័ញ្ច ។ លោកជំទាវ ជូ ប៊ុនអេង បានបន្តទៀតថា មនុស្សមួយក្រុមបានកំពុងតែព្យាយាមបំផ្លាញពិភពលោកដ៏ស្រស់ស្អាតនេះ ។ ក្នុងថ្ងៃនេះយើងឃើញជាក់ពិភពលោក មានភាពស្រស់ស្អាត ដែលគួរឲ្យរស់នៅ តែក៏ត្រូវបានមនុស្សមួយក្រុមបានកំពុងព្យាយាម បំផ្លាញមនុស្សទៅតាមគ្រប់ ទម្រងនៃបទល្មើស ជាសំខាន់ គឺអំពើជួញដូរមនុស្ស ដែលគេមិនបានលើកលែងលើមនុស្សគ្រប់វ័យ គ្រប់សញ្ជាតិ ព័រណ៌ សម្បុល គ្រប់ឋានះ តួនាទីដែលមាននៅក្នុងពិភពលោក ។ ដើមី្បភាពសុខសាន្តរបស់ប្រជាជាតិនៅលើពិភពលោក និយាយ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា យើងត្រូវរួមដៃគ្នា ដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា ។ លោកជំទាវក៏បានធ្វើការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគួរ និង អង្គការមិនមែនរាជរដ្ឋាភិបាលទាំងអស់ដែលបានរួមសាមគ្គីគ្នា ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ។ លោកជំទាវបាន ថ្លែងអំណរគុណដៃគូរប្រទេសជាមិត្តទាំងអស់ ដែលធ្វើជាសាកី្ស ថា កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយយើងធ្វើដំណើរទៅមុខ ដើមី្បជោគជ័យជាចុងក្រោយ ក្នុងការការពារមនុស្ស ការពារអ្នករស់រាន មានជីវិតជំនាន់ក្រោយ ឲ្យរួចផុតពីគ្រោះថ្នាក់ដោយអំពើជួញដូរមនុស្សនេះ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *