ដំណើរទស្សនកិច្ច របស់គណៈប្រតិ ភូមជ្ឈិមបក្សកុម្មុយនីស្តចិ នៅលើទីកដី ប្រវត្តិសាស្ត្រសៀមរាប

បន្ទាប់ពីដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិម និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស និងអក្សរសាស្ត្រនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង សមាជិកគណៈប្រតិភូ បានអញ្ជើញមកធ្វើទស្សនកិច្ច និងបទឧទ្ទេសនាមស្ដីពី លទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣ អាណត្តិទី២០ របស់គណបក្សកុម្មុយនីស្តចិន នៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប ក្រោមការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម អ៊ាន ឃុន សមាជិកណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្ត សៀមរាប ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា ការធ្វើបទឧទ្ទេសនាមជូនដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា នៃខេត្តចំនួន៤ រួមមាន សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំ និងមានការសម្របសម្រួលពីឯកឧត្តម ឆែ សុខទី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈទាក់ទងការបរទេស នៅពេលនោះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន ក្នុងការចែករំលែកនូវព័ត៌មាន ទស្សនៈ និង បទពិសោធន៍ល្អៗ ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និង ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤» ។ ឯកឧត្តម បានបន្តថា រយៈ ពេល ៦៦ឆ្នាំនៃចំណងមិត្តភាពរវាង កម្ពុជា និងចិន គឺជាទំនាក់ទំនងយ៉ាងស្អិតរមួត ដែលត្រូវ បានបន្តអនុវត្តន៍នៅគ្រប់យន្តការ និងគ្រប់កម្រិត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ចំណងមិត្តភាព នៃប្រទេសទាំងពីរ ប្រៀបបាននឹងដើមឈើដ៏ធំមួយ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយបន្តរីកលូតលាស់ជាប្រចាំ ។ ជាលទ្ធផល ប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរលើគ្រប់វិស័យ ហើយបានក្លាយជាគំរូ មួយសម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ។ ជាពិសេសខេត្តសៀមរាប ក៏ជាប៉ូលនៃកិច្ចសហប្រតិបត្តិការ ដែលរិតចំណងមិត្តភាពរវាង ខេត្តមួយចំនួនរបស់សាធារណៈរដ្ឋប្រជាមានិតចិនផងដែរ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា តាមស្ថានភាពនិងតម្រូវការជាក់ស្ដែងរបស់ប្រទេស ក្នុងនោះរួមទាំងខេត្តសៀមរាបផងដែរ ដែលជាការចូលរួមចំណែកយ៉ាងធំធេង នាពេលកន្លងមក និងទៅអនាគត។
ជាមួយនោះដែរ ឯកឧត្តម ឈី ឈីងសាន ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូនាឱកាសនេះ និងថា កម្ពុជា ជាមិត្តល្អ ជាដៃគូល្អ ដែលតែងតែជួយគ្នាទៅវិញទៅមក ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាបច្ចុប្បន្ន ក្លាយជាទំនាក់ទំនងកម្រិតខ្ពស់ និងល្អជាងគេជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ។
សូមជម្រាបថា ក្រៅពីបទឧទ្ទេសនាម នៅថ្ងៃដដែលនោះ ឯកឧត្តម ឈី ឈីងសាន (Qu Qingshan) រួមនិងសមាជិកគណៈប្រតិភូ នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទធម្មនន្ទ ប្រាសាទតាព្រហ្ម និង ចៅសាយទេវតា ប្រាសាទតាកែវ ដែលជួសជុលដោយក្រុមបុរាណវិទ្យាចិន ព្រមទាំងអញ្ជើញពិនិត្យទិដ្ឋភាពក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ។ លុះនៅល្ងាចថ្ងៃដដែលនោះ គណៈប្រតិភូបានធ្វើដំណើរមាតុភូមិនិវត្តន៍ តាមជើងយន្តហោះ តាមច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅកាន់មាតុប្រទេសខ្លួន ប្រកបដោយសុវត្ថិភាពខ្ពស់ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *