រដ្ឋបាលខេត្តសៀមរាប បន្តនាំយកយក ទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យ មកប្រគេន ព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សា ក្នុងវត្តចំនួន២ ក្នុងក្រុងសៀមរាប នាឱកាសបុណ្យកាន់វេនបិណ្ឌ

នៅព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៤នេះឯកឧត្តម លោកជំទាវ សមាក្រុមប្រឹក្សាខេត្តសៀមរាប និងលោក លោកស្រី អភិបាលរងខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នមន្ត្រីរាជការក្នុងខេត្ត បានបន្តនាំយកទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យមកចូលរួមបុណ្យ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា ដែលស្ថិតនៅសង្កាត់ស្រង៉ែ និង វត្តព្រះឥន្ទកោសីយ៍(ហៅវត្តលើ)នៅសង្កាត់ស្លក្រាម ក្រុងសៀមរាបនៅក្នុងថ្ងៃបិណ្ឌទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋតែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថា បុណ្យកាន់បិណ្ឌតាំងពីបូរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ មិនដែលអាក់ខានឡើយ លើកលែងតែក្នុងរបបលោក ប៉ុល ពត (១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់៧ ខែមករា ឆ្នាំ១៩៧៩)តែប៉ុណ្ណោះ។ ព្រះយសសិរីធម្ម ច័ន្ទ សុវណ្ណ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសីយ៍ បានមានសង្ឃដីកាថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែល វប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជននិងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានា ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់ ។ ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសីយ៍ បានមានសង្ឃដីកាបន្តថាបើតាមទំនៀមទម្លាប់ខ្មែរ គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន១៥ថ្ងៃ គឺចាប់ផ្តើមធ្វើពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោចខែភទ្របទ ហើយពីថ្ងៃ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ រីឯថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកតែងតែមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នាពិធីបុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ខែ គឺស្របពេលនឹងរដូវចូលវស្សាដែរ តែក្រោយមកដោយប្រជាជន ពុទ្ធបរិស័ទ ជាប់មមាញឹកនឹងកិច្ចការរកស៊ីចិញ្ចឹមជីវិត ទើបគេសម្រេចធ្វើត្រឹមតែ១៥ថ្ងៃនេះវិញ។ មុនថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ គឺថ្ងៃ១៤រោចនៅតាមផ្ទះនីមួយៗ គេនិយមធ្វើនំអន្សម នំគម និងម្ហូបអាហារ ចង្ហាន់ផ្សេងៗសម្រាប់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅហើយផង ចែកចាយដល់អ្នកជិតខាង ឬមិត្តភក្តិផង។ នៅពេលយប់នៃថ្ងៃនោះ នៅឯវត្តមានពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទៅហើយ មានការសូត្រធម៌ និងការសម្តែងធម្មទេសនារហូតដល់ភ្លឺថែមទៀត។ លុះស្អែកឡើង ថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ អ្នកខ្លះទៀតកាន់នំអន្សម នំគមនិងនំចំណីផ្សេងៗ ខ្លះទៀតកាន់ ចានស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃជាដើម។
ក្នុងនោះដែរ ឯកឧត្តម លោកជំទាវ សមាក្រុមប្រឹក្សាខេត្តសៀមរាប និង លោក អភិបាលរងខេត្តសៀមរាប ក៍បានធ្វើការវេរប្រគេននូវទ័យ្យទាន ជាគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍(ហៅវត្តលើ)ដោយក្នុងមួយ វត្តៗ ទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និង បច្ច័យចំនួន ២លានរៀល រួមនិងបច្ច័យចូលរួមរបស់អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នមន្ត្រីរាជការក្នុងខេត្តមួយចំនួននិង សីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *