នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាពិធីបុណ្យកាន់បិណ្ឌវេនទី២ ដែលប្រជាពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ បានប្រារព្ធធ្វើនៅតាមវត្តអារាមក្នុងរដូវកាលចូលមកដល់ ។ ជាក់ស្តែនៅវត្ត រាជបូណ៌ ស្ថិតក្នុងភូមិ វត្តបូណ៌ សង្កាត់សាលាកំរើក និង នៅវត្តទេពពោធិវង្ស ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ត្រូវបានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណវ អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទនិង លោកជំទាវ ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត មេបញ្ជាការរង នាយសេនាធិការ នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត រាជបូណ៌ និងវត្តទេពពោធិវង្ស កាន់បិណ្ឌវេនទី២ ព្រមទាំងបាននាំយកនូវទ័យ្ស ទាន ជាគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងពុទ្ធសីមាវត្តជើងវត្ត រាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងក្រុងសៀមរាប ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ នៅជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។ កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់ ។ ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីកាន់បិណ្ឌវេនទី២ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ ។ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១នេះ ។
មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
បន្តមកឯកឧត្តម លី សំរិទ្ធ ,ឯកឧត្តម ប្រាក់ សោភ័ណ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង និងលោកជំទាវបានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងមួយវត្តៗ ទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និង បច្ច័យចំនួន ២លានរៀល រួមនឹងបច្ច័យអ្នកចូលរួមពិធីមួយចំនួន និង សីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប