នៅសាលប្រជុំលេខ១សាលាខេត្តសៀមរាបព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ ដើមី្បរៀបចំព្រឹត្តិការណ៍ Gumball 3000 Relly in Cambodia នៅខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋ លេខាធិការ ក្រសួងទេសចរណ៍ និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ដើមី្បរៀបចំព្រឹត្តិការណ៍ Gumball 3000 Relly in Cambodia និងលោក ង៉ូវ សេងកាក់ និង លោក សំកុល សុចិត្រា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់ លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុងស្រុក មានការពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត និង តំណាងក្រុមហ៊ុនជីបម៉ុងផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានបញ្ជាក់ថា វិស័យកិច្ចកីឡា គឺជាចលករមួយដ៏សំខាន់ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ហើយដោយខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរ ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដោយខេត្តសៀមរាប សម្បូរទៅដោយប្រាង្គប្រាសាទល្បីៗល្បាញនៅលើសកលលោក ហើយក៏ ជាខេត្តនៃដួងព្រលឹងជាតិខ្មែរយើង ដែលមានប្រាសាទអង្គរ ។ លោកបានបញ្ជាក់ថា នេះគឺ កិត្តិនាមរបស់ប្រទេសកម្ពុជា បន្តភាពល្បីល្បាញនៅលើឆាកអន្តរជាតិតាមរយៈ សកម្មភាពចូលរួមបំបែកឯកទគ្គកម្មពិភពលោកលើប្រធានបទ «ការតាំងបង្ហាញ រថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ GUMBALL 3000 នឹងធ្វើឡើងលើកដំបូងខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរ ឯកឧត្តម គុជ បញ្ញាសា រដ្ឋ លេខាធិការ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិកាណ៍ដ៏ធំ Gumball 3000 ជាលើកដំបូងនេះរៀបចំដោយឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល និង ធ្វើឲ្យមានភាពល្បីល្បាញនៅលើពិភពលោក ដែលបានធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អង្គរ ។ ឯកឧត្តមក៏បានរំពឹងទុកផងដែរ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ដកម្រនេះ និងកើតឡើងលើកដំបូងនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នឹងជួយជម្រុញកំណើនភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាបកាន់តែច្រើន។ ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានក្រុមកីឡាករល្បីៗ មកពី៤០ប្រទេសចូលរួម ។ សម្រាប់នៅខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការរៀបចំតាំង បង្ហាញរថយន្ត Supercars, Hyper cars, និង Sportscars ចំនួន ៥០០ គ្រឿង ដើម្បីបំបែកឯកត្តកម្មពិភពលោក (Guinness World Record) នៅមុខប្រាសាទអង្គរវត្ត និង ធ្វើការដាក់បង្ហាញរថយន្តនៅបរិវេណសួនច្បារព្រះរាជដំណាក់ ជូនដល់ បងប្អូនទស្សនិជនទស្សនា និង ធ្វើការផ្តឹតរូបភាពទៀតផង ។ ឯកឧត្តមបន្តទៀតថា វិស័យកីឡារថយន្តនេះ ជាការ បង្ហាញពីសក្តានុពលវិស័យទេសចរណ៍ និង វិនិយោគ ក្នុងការជម្រុញដល់វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចនៅខេត្តសៀមរាប ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្នាំ២០២៤ ទស្សនាសៀមរាប ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចជាតិ និង ប្រជាពលរដ្ឋនៅនឹងកន្លែងទៀតផង ។ ម៉្យាងទៀត Gumball 3000 Rally in Cambodia ក៏ជាទេសចរណ៍ផ្សងព្រេង ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើណែនាំមួយចំនួនដល់អាជ្ញាធរក្រុងស្រុក ដែល មានភូមិសាស្ត្រត្រូវបានក្រុមរថយន្ត Gumball 3000 ធ្វើការឆ្លងកាត់ គឺត្រូវចូលរួមសហការណ៍ឲ្យបានល្អ លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់ក្រុមរថយន្ត សំខាន់នោះរាល់សត្វពាហៈនៈរបស់ប្រជាពលរដ្ឋ មិនត្រូវមាន នៅតាមដងផ្លូវនោះឡើយ ។ ម៉្យាងទៀតក៏សូមឲ្យកម្លាំងសមត្ថកិច្ច ជួយសម្រួលដល់ចរាចរណ៍នៅតាមទីប្រជុំជន ផ្លូវបំបែកជាដើម ។ ដោយក្នុងថ្ងៃនោះ មានរថយន្តចម្រុះ ចំនួន៥០០គ្រឿង បានចូលមកខេត្តសៀមរាប ក្នុងការចូលរួមព្រឹត្តិការណ៍ Gumball 3000 Relly in Cambodia នេះ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប