ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមានរៀបចំកិច្ចប្រជុំ <<បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៤>>។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការ ព្រហ្មទណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន ទាំង១១ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ២៦១នាក់ ស្រី ៣នាក់។
មានប្រសាសន៍ថ្លែងក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានណែនាំផ្តាំផ្ញើ និងសង្គត់ធ្ងន់ថាក្នុងនាមជាមន្រ្តីនគរបាលជាតិអនុវត្តច្បាប់ចំនួន ៩ចំណុចដូចខាងក្រោម៖ ១- ត្រូវពង្រឹងនីតិវិធីការកសាងសំណុំរឿងទៅស្ថាប័នតុលាការ ចំពោះប្រតិបត្តិការចុះបង្រ្កាបបទល្មើសផ្សេងៗ ២- ត្រូវសុំគោលការណ៍អនុញ្ញាតក្នុងការចុះបង្រ្កាបបទល្មើសគ្រប់ប្រភេទ ៣- ពង្រឹងការបញ្ជាដឹកនាំកងកម្លាំង និងចល័តអាវុធត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងមានបញ្ហាកើតឡើង ៤- ពង្រឹងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ ៥- ពង្រឹងការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ សម្រាប់ក្រុង ស្រុក ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ៦- ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មី លេខ: ៨៧៣ប្រ.ក របស់ក្រសួងមហាផ្ទៃ ៧- ពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែនដោយចុះល្បាតចល័តជាប្រចាំ ៨- ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ៩- ពង្រឹងរបៀបរបបការងារតាមឋានានុក្រមផងដែរ៕