រដ្ឋបាលខេត្តសៀមរាប និងវិស័យឯកជនក្នុង ចង់ប្រែក្លាយខែកញ្ញា ជាខែពិសេស ដែលមានភាព ទាក់ទាញអ្នកទេសចរ មកកម្សាន្តកាន់តែច្រើន

ដើម្បីបង្កើន ភាពទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបនៅរដូវភ្លៀងធ្លាក់ ជាពិសេសក្នុងខែកញ្ញា នេះ រដ្ឋបាលខេត្ត និងវិស័យឯកជន បានគិតគូរអំពីការបង្កើត នូវព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញដល់អ្នកទេសចរបន្ថែមទៀត ។
ថ្លែងបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាននៅក្រោយបញ្ចប់កិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាទេចរណ៍ពិភពលោក នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែ កញ្ញា ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយវិស័យឯកជន នឹង រៀបចំពិធីអបអរសាទរទិវាទេចរណ៍ពិភពលោក ក្រោមប្រធានបទ “ ទេសចរ និងសន្តិភាព” ។ លោកបន្តទៀតថា ពិធីនេះ នឹងចាប់ផ្តើមពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់ ដោយមានការដង្ហែរក្បួន ការសម្តែងសិល្បៈ ការតាំងបង្ហាញផលិតផលទេសចរណ៍ជាដើម ។
លោកអភិបាលរងខេត្តបានបន្តថា នេះជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងទៀត ដែលមាននៅក្នុងខែកញ្ញាឆ្នាំ២០២៤នេះ ដោយខែនេះយើងមានព្រឹត្តិការណ៍សំខាន់ៗបី ទី១គឺការរៀបចំទទួលស្វាគមន៍ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅថ្ងៃទី១៦ និង១៧, និង ព្រឹត្តិការណ៍សមរាត្រី(ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ និង ពិធីអបអរសាទរទិវាទេចរណ៍ពិភពលោក ដែលធ្វើនៅថ្ងៃទី២៧ ខែកញ្ញានេះ ។ លោកបន្តថា សម្រាប់ព្រឹត្តិការណ៍ទាំងបីនេះ នឹងជួយផ្សព្វផ្សាយពីផលិតផលទេសចរណ៍កម្ពុជា ជាពិសេសនៅខេត្តសៀមរាប ទៅកាន់ពិភពលោកទៀតផង ។ លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ក្រៅពីការរៀបចំព្រឹត្តិការណ៍នានាហើយនោះ អាជ្ញាធរខេត្តក៏ដូចជាភាគីពាក់ព័ន្ធនានា ក៏បានផ្តួចផ្តើមនូវការអំពាវនាវដល់វិស័យឯកជន ក្នុងវិស័យទេសចរណ៍ ធ្វើការបញ្ជុះតម្លៃសេវាកម្ម ទាំងការស្នាក់នៅ ការធ្វើដំណើរ និងថ្លៃម្ហូបអាហារ ពេញមួយខែកញ្ញានេះផងដែរ ដែលជាការទាក់ទាញអ្នកទេសចរមកកម្សាន្តក្នុងរដូវភ្លៀងនេះផងដែរ ។ ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើនូវផែនការសំខាន់ក្នុងការអភិវឌ្ឍន៍តំបន់ទេចរណ៍ពីឆ្នាំ២០២៥ដល់២០២៨ លើចំនួន៦គោលដៅ ,ទី១.នៅតំបន់ឧទ្យានជាតិព្រះជ័យភ្នំគូលែន និងតំបន់ជុំវិញសម្រាប់ទទួលភ្ញៀវទេសចរណ៍ ,ទី២ តំបន់បន្ទាយស្រី និងជុំវិញបន្ទាយស្រី ដោយផ្សាភ្ជាប់ទៅនឹងក្រុងរុនតាឯកតេជោសែន ,ទី៣ តំបន់បេតិកភណ្ឌ ស្ថិតក្រោមការរៀបចំដោយអាជ្ញាធរជាតិអប្សរា ,ទី៤ តំបន់ទីក្រុង និងជុំវិញក្រុង ,ទី៥ តំបន់បឹងទន្លេសាប និងទី៦ តំបន់សៀមរាបថ្មី ដែលជាតំបន់សេដ្ឋកិច្ច ដែលមានទៅដោយដំណាំឧស្សាហកម្ម , ពាណិជ្ជកម្ម ដែលបម្តុំទៅដោយសំណង់ធំៗមានលក្ខណៈទំនើប និង សហគ្រាសផ្សេងៗទៀតផង ។ លោកបានបន្ត ថា ក្នុងព្រឹត្តិការណ៍ទិវាទេចរណ៍ពិភពលោក ឆ្នាំ២០២៤នេះ យើងក៏ធ្វើកាបង្ហាញអំពីការថែរក្សាវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់របស់ដូនតាខ្មែរយើង ដែលបានចារឹកទុកនៅតាមប្រាង្គប្រាសាទ ឲ្យបន្ស៊ីទៅនឹងគោលដៅតំបន់ទាំង៦ ដែលក្រសួងបានកំណត់ឡើង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *