សៀមរាប៖ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប បានឡោមពទ្ធ័ផ្ទះរបស់ជំទាវលី អុំអេង ដើម្បីធ្វើការចាប់ខ្លួនជំទាវឧកញ៉ារូបនេះ ទៅតាមអំណាចដីកា របស់តុលាការខេត្តសៀមរាប។ ប៉ុន្តែការចាប់ខ្លួននេះ ត្រូវបានបរាជ័យ ដែលអ្នកឃើញហេតុការនិយាយថា សង្ស័យមានបារមីជុំក្រឡង់ជួយហើយមើលទៅ?
យោងតាមប្រភពពីពលរដ្ឋនៅជិតលំនៅដ្ឋានជំទាវឧកញ៉ាលី អ៊ុំអេង បាននិយាយថា កាលពីរសៀលថ្ងៃទី១៩សីហានោះ គេឃើញកម្លាំងអាវុធហត្ថជាច្រើននាក់ បានចុះទៅព័ទផ្ទះលោកជំទាវឧកញ៉ាសំបូររឿងអាស្រូវនៅក្នុងខេត្តសៀមរាប ។ ប៉ុន្តែបន្ទាប់ពីប្រើពេលអស់មួយរសៀលនោះ កម្លាំងអាវុធហត្ថក៏ដកចេញទៅវិញ ដោយមិនបានឃើញមានការនាំខ្លួនជំទាវលី អ៊ុំអេង ទៅនោះទេ។
យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៣៣៤ចខស/ឌចុះថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោក ហេង លៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ដែលសារព័ត៌មាន ទទួលបាន កាលពីព្រឹកថ្ងៃទី២៦ ខែសីហា នេះ បានបង្ហាញថា បានឃើញ មាត្រា ១៩៥ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៨០ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ -បានឃើញ សំណុំរឿងស៊ើបសួរលេខ ២៧៤ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
-បានឃើញដីកាបញ្ជូនឱ្យឆ្លើយលេខ ៤៦៧០ ពស. ព្រះស/ឧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និង មតិយោបល់របស់តំណាងអយ្យការ ពាក់ព័ន្ធនឹងជនត្រូវចោទ÷
ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង. ខេត្តសៀមរាប ។ (គេចខ្លួន)
ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្ត សៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។
យល់ឃើញថា៖
- ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
- យោងលិខិតលេខ ១៣៩/០២៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ស្ដីពីការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន បានបញ្ជាក់ថា កម្លាំងជំនាញបានចុះដល់លំនៅដ្ឋានជនត្រូវចោទ តែរកពុំឃើញ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញទៅតាមនីតិវិធីច្បាប់ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ លី អ៊ុអេង មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បី ចាត់ការបន្តតាមនីតិវិធី។
ហេតុដូច្នេះសម្រេច
១. បញ្ហាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួន ឈ្មោះ លី អ៊ុអេង ភេទស្រី កើតថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧២ (មានអត្តសញ្ញាណខាងលើ) ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន។
២.បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត ប្រសិនបើស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ ។
ប៉ុន្តែការឡោមពទ្ធ័ជាច្រើនម៉ោងនាថ្ងៃទី១៩ ខែសីហា ២០២៤នោះ នៅមិនទាន់ចាប់ខ្លួននៅឡើយទេ ដោយកម្លាំងអាវុធហត្ថខាងលើ នាំគ្នាឡើងឡានចាកចេញ ដោយមិនមាននណាដឹងពីមូលហេតុ ដោយបានបន្សល់ទុកភាពងឿងឆ្ងល់។
ទោះជាបែបនេះ គេនៅតែរងចាំមើលពីវាសនារបស់ជំទាវបណ្ឌិតលី អ៊ុអេង ថាតើបារមីអាចរួចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា? តើសំណាង មានសម្រាប់ជំទាវរូបនេះប៉ុន្មានដងទៀត បើដីកាចាប់ខ្លួននៅតែអន្ទោលតាម មិនអាចរលត់បានផងនោះ?