មន្ទីរអប់រំយុវជននិងកីឡា ខេត្តសៀមរាបរៀបចំការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត នៃកម្មវិធី”ការជជែក ដេញដោល យុវជនថ្នាក់ខេត្ត២០២៤ “និងការនិយាយជាសាធារណៈ “វោហារសព្ទឆ្នើម “

សៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៤ ការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នៃកម្មវិធី”ការជជែកដេញដោលយុវជនថ្នាក់ខេត្ត២០២៤”និងការនិយាយជាសាធារណៈ”វោហារសព្ទឆ្នើម ” ។ កម្មវិធីនេះរៀបចំធ្វើនៅសាលាគរុកោសល្យនិងវិក្រិតការ ខេត្តសៀមរាដែលក្រោមអធិបតីភាពលោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ។ លោក ស៊ិន កុសល ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំយុវជននុងកីឡាខេត្តសៀមរាបបានមានប្រសាសន៍ថាមន្ទីរអប់រំយុវជននិងកីឡាខេត្តបានជ្រើសរើសក្រុមសិស្សថ្នាក់ទី១០នៅតាមវិទ្យាល័យរដ្ឋនិងសាលាឯកជនបានចំនួន១៦ក្រុមដែលមានចំនួន៨វិទ្យាល័យហើយបានធ្វើការបណ្តុះបណ្តាលរួមគ្នាដោយមានវាគ្មិនសម្របសម្រួលរបស់ក្រុមការងារនាយកដ្ឋានអប់រំយុវជននិងកុមារនៃអគ្គនាយកដ្ឋានយុវជនតាមរយៈប្រព័ន្ធអនឡាញទាំងបច្ចេកទេសទាំងបទពិសោធន៍។ លោកបន្តថាក្នុងចំណោម១៦ក្រុមនោះក្រោយពីបានបណ្តុះបណ្តាលចប់សព្វគ្រប់ហើយមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបានទុកលទ្ធភាពឲ្យវិទ្យាល័យទាំង៨ធ្វើការជម្រុះ នៅតាមវិទ្យាល័យនីមួយៗដើម្បីយកតែក្រុមណាដែលឆ្នើមប្រចាំវិទ្យាល័យនីមួយៗគឺយកតែ១ក្រុមមកចូលរួមធ្វើប្រគួតជម្រុះវគ្គទី១ចំនួន៨ក្រុមតាមរយៈអនឡាញដែលមានប្រធានបទដូចជា(ដោយមានក្រុមស្របនិងក្រុមបដិសេធ)គឺទី១.សិស្សានុសិស្សជាកត្តាស្នូលធ្វើឲ្យបរិស្ថានសាលារៀនស្អាត.ទី២ផលប៉ះពាល់ជាចម្បងដល់បរិស្ថានបណ្តាមកពីការប្រើប្រាស់សម្ភារប្លាស្ទិក.ទី៣ការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធបណ្តាញសង្គមជាកត្តាចម្បងនៃការទប់ស្កាត់ការសេពគ្រឿងស្រវឹងរបស់យុវជន .ទី៤ការចេះអធ្យាស្រ័យក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាតួនាទីសំខាន់ក្នុងការក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។លោក ស៊ិន កុសល បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាដោយមានការចាប់ឆ្នោតប្រកាសលទ្ធផលក្រុមបន្តមកវគ្គពាក់កណ្តាលផ្តាច់ព្រ័តបានជ្រើសរើសប្រធានបទដែលមានការប្រគួតនិយាយជាសាធារណៈនិងការប្រគួតជជែកដេញដោលក្នុងប្រធានបទទី១ ការបង្កើតរមណីយដ្ឋានកែច្នៃថ្មីៗជាកត្តាចម្បងក្នុងការបង្កើនរំហូរទេសចរណ៍និងប្រធានបទទី២គឺការផ្តល់អាហារូបត្ថម្ភដល់កុមារនៅតាមសាលារៀនជាកត្តាចម្បងទប់ស្កាត់អត្រាបោះបង់ការសិក្សារបស់សិស្ស ។ លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំកម្មវិធី ការជជែកដេញដោលយុវជនថ្នាក់ខេត្ត និងការនិយាយជាសាធារណៈ “វោហាសព្ទឆ្នើម” នេះធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលស្មារតីយុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា បំណិនស្រាវជ្រាវ ការដោះស្រាយបញ្ហា បំណិនត្រិះរិះពិចារណា ការចែករំលែកគំនិត និងការនិយាយជាសាធារណៈ និងការវិភាគបែបស៊ីជម្រៅ ការបញ្ចេញមតិប្រកបដោយមូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំណិនឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ ដោយក្នុងនោះដែរគឺបានកំពុងបណ្ដុះគំនិតដល់សិស្សានុសិស្ស ឲ្យចេះធ្វើការសិក្សាស្រាវជ្រាវ នូវចំណេះដឹងផ្សេងៗ ដែលសុទ្ធសឹងតែអាចជួយផ្ដល់ប្រយោជន៍ ដល់ការអភិវឌ្ឍជាតិ ហើយក៏ធ្វើឲ្យពួកគេក្លាយខ្លួនជាយុវជនគំរូល្អ សម្រាប់សង្គមជាតិផងដែរ ។ លោកអនុប្រធានមន្ទីរអប់រំ បានបន្តថាដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌ដល់បេក្ខជន ថ្នាក់ដឹកនាំ និងអ្នកជំនាញឯកទេសពាក់ព័ន្ធទៅនឹងប្រធានបទពិភាក្សា មកពីស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍនានា ត្រូវបានអញ្ជើញចូលរួមជាគណៈកម្មការដាក់ពិន្ទុយ៉ាងសុក្រិត។ លោក ហុង ឧប្បុលវណ្ណា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា យុវជនជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត យុវជនជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិហើយ យុវជនជាអ្នកថែរក្សាការពារ រាល់សមិទ្ធផលសង្គមជាតិ ហើយសមត្ថភាព ការច្នៃប្រឌិត ការចូលរួម និងភាពរឹងមាំរបស់យុវជនកម្ពុជា តំណាងឱ្យអនាគតដ៏រុងរឿងរបស់កម្ពុជា។ សូមបញ្ជាក់ថាសម្រាប់ក្រុមយុវជនមកពីសាលារដ្ឋ និងឯកជន ដែលបានចូលរួមប្រគួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី”ការជជែកដេញ ដោលយុវជនថ្នាក់ខេត្ត២០២៤”និងការនិយាយជាសាធារណៈ”វោហារសព្ទឆ្នើម ” គឺមានចំនួន៤ក្រុម ដែលមកពី វិទ្យាល័យដំដែក. វិទ្យាល័យហ៊ុនសែនប្រាសាទបាគង .សាលាវេសហ្គេតអន្តរជាតិ និងសាលាអន្តរជាតិយូអេសអេ គឺត្រូវធ្វើការប្រគួតជម្រុះយកតែ២ក្រុមដើម្បីប្រគួតផ្តាច់ព្រ័ត យកតែ១ក្រុមហើយត្រូវតំណាងឲ្យខេត្តសៀមរាបដើម្បីទៅចូលរួមធ្វើការប្រគួតប្រជែងការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤នាពេលខាងមុខនេះ។ នៅក្នុងការប្រគួត ការជជែកដេញដោលយុវជនថ្នាក់ខេត្ត២០២៤”និងការនិយាយជាសាធារណៈ”វោហារសព្ទឆ្នើម “វគ្គពាក់កណ្តាលផ្តាច់ព្រ័តនាពេលនេះដែរ គឺលទ្ធផល មាន២ក្រុម ដែលនឹងឡើងទៅប្រគួតវគ្គផ្តាច់ព្រ័ត គឺ ក្រុមមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង .និងសាលាអន្តរជាតិយូអេសអេ ដែលនិងធ្វើការប្រគួតនាពេលខាងមុខនេះផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *