ប្រជាពលរដ្ឋ មានជីវភាពក្រីក្រ ចំនួន ២៥គ្រួសារនៅក្នុងឃុំ មោងស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជន  តាមរយៈមន្ត្រីសង្ឃ ក្នុងខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន២៥គ្រួសារ រស់ក្នុងភូមិកំបោរ ឃុំមោងស្រុកស្រីស្នំ ខេត្តសៀមរាបបានទទួលអំណោយមនុស្សធម៌ពីសប្បុរសជននៅប្រទេសអូស្ត្រាលី និងកម្ពុជា ដែលបានផ្តល់រយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប។ ក្នុងនាមអាជ្ញាធរស្រុក លោក ហ៊ុន រិទ្ឋិ អភិបាលស្រុកស្រីស្នំ ក៍បានមានប្រសាសន៍ថ្លែង អំណរព្រះគុណ ដល់ព្រះមន្ត្រីសង្ឃខេត្ត ព្រះថេរានុត្ថេរៈ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា មកជូនដល់ប្រជាពលរដ្ឋចំនួន២៥គ្រួសារក្នុងឃុំមោង នេះថាពិតជាការងារមនុស្សធម៌និងរួមចំណែកជួយសម្រាលជីវភាពដល់គ្រួសារទីទ័លខ្វះខាត ដែលអំណោយមនុស្សធម៌នេះ ជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតគឺអាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយ:ពេលផងដែរ ។លោកអភិបាលស្រុក ក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរស្រុកមានលទ្ធភាព ផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ព្រោះថាភាពទីទ័លលំបាករមែងតែងតែកើតមានគ្រប់ទីតំបន់មិនថាតែប្រទេសជឿនលឿនឬប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាយើងនោះទេ ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យធរគណខេត្ត ជាព្រះអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្ត បុព្វទិសារាមហៅវត្តកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាប មានសង្ឃដីកាថា៖ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ហើយអ្វីដែលព្រះសង្ឃដែលអាចជួយទៅបានគឺនៅពេលដែលមើលឃើញអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគឺជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ពីព្រោះព្រះសង្ឃរស់នៅបាន គឺអាស្រ័យនឹងពុទ្ធបរិស័ទផងដែរ ។ ជាការពិតសព្វសត្វ អាចទ្រទ្រង់ជីវិតបានអាស្រ័យលើអាហារជាចាំបាច់ ។ ព្រះវិន័យធរគណខេត្ត បានមានសង្ឃដីកាបន្តថា អំណោយដែលបានធ្វើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយជួយរំលែកការលំបាកមួយគ្រាៗតែប៉ុណ្ណោះ មិនអាចឆ្លើយតបតាមសេចក្តីខ្វះខាតរបស់បងប្អូនឡើយ ដួច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅផ្ទះសូមធ្វើការដាំបន្លែបង្កាគ្រប់មុខក្នុងដីរបស់ខ្លួនបន្ថែមទៀតដើម្បីកុំឲ្យមានការខ្វះខាតហូបចុក ព្រោះថាបន្លែបង្កាដែលយើងបានដាំគឺអាចជួយសម្រាលជីវភាពបាន ហើយសំខាន់ បើចង់រួចផុតពីសេចក្តីទុក្ខគឺត្រូវខំប្រឹងព្យាយាម និងកែខៃមុខរបរអាជីវកម្មឲ្យស្របតាមសមត្ថភាពរបស់ខ្លួន។ ព្រះវិន័យធរគណខេត្ត បានបន្ថែមថា ស្ថិតនៅក្នុងកាលៈទេសៈនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានសេចក្តីអត់ធ្មត់គឺត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលប្រទេសយើងមានសុខសន្តិភាព ដូច្នេះយើងកុំជឿលើការឃោសនាអកុសលផ្សេងៗក្រៅពីរាជរដ្ឋាភិបាលណា ហើយត្រូវខំប្រឹងធ្វើការងារបង្កបង្កើនផលបន្ថែមទៀតផង ។អំណោយមនុស្សដែលយកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនោះគឺក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥ គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម មី១កេស សារ៉ុង១ ក្រម៉ា១ ច្រាស និងថ្មដុសធ្មេញ ប្រេងកូឡា ទឹកបរិសុទ្ធ១កេស អំបិល១ថង់ ត្រីខ១យួរ និងថវិកា២៥.០០០រៀលផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *