ដងវិថីទាំង៣៨ខ្សែ ក្នុងសៀមរាប និងក្លាយជារុក្ខវិថីបរិស្ថានបៃតង

សៀមរាប៖ ដើមឈើប្រភេទក្ងោក ចំនួន៥០០ដើម ត្រូវបានដាំតាមដងវិថី ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ និង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពីសមាគមសហគ្រិនស្ត្រីកម្ពុជា និង ក្លឹបធនធានមនុស្សខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំយុវជន ចៅសង្កាត់ទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជនរួមគ្នាដាំនៅ តាមដងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដើម្បីជាការជម្រុញ និងលើកសោភ័ណ្ឌភាពតំបន់ទេសចរណ៍ និងបង្កើតភាពបៃតងនៅតាមដងផ្លូវក្នុងក្រុងទាំងមូល ក្រោមការដឹកនាំដាំដោយលោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅចុងសប្តាហ៍ថ្ងៃទី០៩និងទី១០ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ និង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
លោក យុន លីនណេ បានបញ្ជាក់ថា ដើមឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ភាពបៃតងក្នុងមូលដ្ឋាន ក៏ដូចជាបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរថែមទៀតផង។ ជាមួយគ្នានេះ ព្រៃឈើក៏បានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឲ្យប្រសើរឡើងនៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ ។ ចំពោះការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាប មានចំនួន៤១ខ្សែ នៅចិញ្ចើមផ្លូវមានក្រាលការ៉ូឡា និងផ្លូវមិនមានក្រាលការ៉ូឡា ដែលអាជ្ញាធរខេត្តគ្រោងនឹងដាំកូនឈើចម្រុះឲ្យបាន ២៤ពាន់ដើម ក្នុងរយៈពេល២ឆ្នាំ ដែលមកដល់ពេលនេះ ការដាំដើមឈើក្នុងក្រុងបានជាង ១០ពាន់ដើម រួចហើយ ក្នុងនោះមានដើមឈើធំៗជិត៦ពាន់ដើម និងដើមឈើតូចៗបានជិត ១០ពាន់ដើមទៀត ។ លោក យុន លីនណេ បញ្ជាក់ទៀតថា ការដាំដើមឈើទាំងអស់មិនត្រឹមតែមានដើមឈើប្រណិតទេ ថែមទាំងមានប្រភេទដើមដែលមានផ្កា ដូចជា ដើមរំដួល ដើមត្របែកព្រៃ ឬ ដើមក្ងោកជាដើម ដែលអាចលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឲ្យទីក្រុងប្រវត្តិសាស្ត្រមួយនេះ មានសម្រស់គ្រប់រដូវកាល ។ ជាមួយគ្នានេះ លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋ និង បណ្តាក្រុមហ៊ុនទាំងអស់ ដែលនៅអមសង្ខាងផ្លូវសូមចូលរួមថែទាំ ស្រោចទឹក ដាក់ជី ចំពោះដើមឈើដែលមាននៅមុខគេហដ្ឋាន ឬក្រុមហ៊ុនរបស់ខ្លួន ដើម្បីឲ្យដើមឈើទាំងនោះលូតលាស់បានល្អ ដើម្បីបង្កើនសោភ័ណភាព កាត់បន្ថយការកើនឡើងកម្ដៅក្នុងទីក្រុង ព្រមទាំងធ្វើក្រុងប្រែក្លាយជាក្រុងបៃតង ។ លោកអភិបាលរងខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ និង សិស្ស-និស្សិត ប្រជាពលរដ្ឋ និង វិស័យឯកជន ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ចូលរួមដាំដើមឈើឲ្យបានច្រើន នៅតាមវត្តអារាម ដងផ្លូវសាធារណៈ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាមនុស្សជាតិទាំងមូល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។
ក្នុងយុទ្ធនាការដាំដើមឈើនេះដែរ នៅរសៀលថ្ងៃនោះដែរឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងការដាំដើមឈើតាមដងវិថីក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការដាំដើមឈើនេះ ត្រូវបានធ្វើការជម្រុញ រដ្ឋបាលក្រុង-ស្រុកទាំង១៣ ចលនាការដាំដើមឈើ នៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាន ព្រមទាំងកែប្រែក្រុង ស្រុក ឲ្យក្លាយជាតំបន់បរិស្ថានបៃតង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *