រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុង ឲ្យបានចំនួន១ម៉ឺនដើម រយៈពេល២ឆ្នាំ

ដើមក្ងោក ចំនួន២០០ដើម ក្រោមការគាំទ្ររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ត្រូវបានសហការជាមួយ រដ្ឋបាល ខេត្ត ក្រុង សង្កាត់ និង ធ្វើការដាំនៅអមដងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្រោមវត្តមានរបស់លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដោយមានចូលរួមពីតំណាងមន្ទីរ-អង្គភាព អាជ្ញាធរ ក្រុង តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា និង ចៅសង្កាត់ មេភូមិ ប្រជាការពារ ព្រមទាំងសិស្សានុសិស្សផងដែរ
លោក យុន លីនណេ បានបង្ហាញភាពជឿជាក់ថា អាជ្ញាធរខេត្តនឹងសហការជាមួយភាគីពាក់ព័ន្ឋ នឹង ដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឲ្យបាន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ព្រោះថាព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័ត កម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និង ការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ពិធីដាំដើមឈើ ដែលបានកំពុងប្រារឰនាពេលនេះ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ ការចូលរួមដាំដើមឈើនាពេលនេះ បានបង្ហាញឲ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដម ពីគ្រប់មជ្ឈដ្ឋាន ដល់ចលនា ដាំដើមឈើ ដោយចាត់ទុកចលនានេះជាកតព្វកិច្ចដ៏ចំបងផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅ ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាប និង ធ្វើឲ្យដងវិថីក្នុងក្រុងក្លាយជារុក្ខវិថីប្រកបដោយបរិស្ថានបៃតង។ ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័ត កម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ទន្ទឹមនេះព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឲ្យប្រសើរឡើង នៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ ។ លោកអភិបាលរងខេត្តបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនអង្គការអន្ដរជាតិ និង អង្គការមិនមែន រដ្ឋាភិបាល ដែលកំពុងយកចិត្ដទុកដាក់ជួយដល់ខេត្ដសៀមរាប ក្នុងកិច្ចថែរក្សាធនធានធម្មជាតិ សំខាន់ព្រៃឈើដែលជាបញ្ហាចំបង និងមានសារៈសំខាន់ដល់ការរស់រាន ព្រមទាំងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ទាំងពេលបច្ចុប្បន្ន ក៏ដូចទៅពេលអនាគត ។ ក្នុងនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្ដអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីចាប់យកដីព្រៃ សូមឲ្យបញ្ឈប់ជាបន្ទាន់ព្រោះ ការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត និងជាកត្តាបង្កឲ្យមានគ្រោះមហន្តរាយ ធម្មជាតិកើតឡើងចំពោះសង្គមជាតិ។ លោកអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានដើមឈើនៅតាមមុខផ្ទះ ឬ អាជីវកម្មរបស់ខ្លួន សូមជួយថែរក្សា ដើម្បីបង្កើនសោភ័ណភាព កាត់បន្ថយការកើនឡើងកម្ដៅក្នុងទីក្រុង ព្រមទាំងធ្វេីក្រុងប្រែក្លាយជាក្រុងបៃតង ហើយយុទ្ធនាការដាំដេីមឈេីនៅតាមដងផ្លូវនេះ ដេីម្បីលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាន ព្រមទាំងកែប្រែក្រុងសៀមរាបឲ្យក្លាយជាតំបន់បៃតង ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។
លោកស្រី ហេង ចរិយា អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប លើកឡើងថា យុទ្ធនាការដាំដើមឈើនាពេលនេះ ក្នុងគោលបំណងដើម្បីបង្កើនសម្រស់និងលើកកម្ពស់សោភ័ណភាព ក្នុងក្រុងសៀមរាបឲ្យក្លាយជាទីក្រុងបៃតង៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *