អ៊ុក ផ្លុង សៀមរាប÷ កាលពីថ្ងៃសុក្រទី០២ ខែ សីហា ឆ្នាំ២០២៤ លោក វរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការរាជអាវុធហត្ថស្រុកជីក្រែង ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានការជល់មាន់ភ្នាល់គ្នាដាក់លុយយ៉ាងធំសម្បើម នៅចំណុចពោធិ៍ទាន ទល់មុខសាលា បឋមសិក្សា ពោធិ៍រស្មីសង្គម ស្ថិតក្នុងភូមិ កំពង់ ឃុំ ជីក្រែង ស្រុក ជីក្រែង លោក បានបញ្ជាឱ្យ កូនចៅទៅពិនិត្យមើលទីតាំងជល់មាន់តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋភ្លាម។ អនុសេនីយ៍ត្រីនៃកងរាជអាវុធហត្ថស្រុកជីក្រែង លោក សាន រដ្ឋា បានប្រាប់អ្នកសារព័ត៌មានថាពិតជាមានការជល់មាន់ដែល មានមនុស្សច្រើនដូចអ្វីដែលគេបានរាយការណ៍ មែន។ ប៉ុន្តែដោយសារតែកម្លាំងរវល់ជាប់បង្រ្កាបគ្រឿងញៀនអស់ លោកទៅតែម្នាក់ឯងទើបមិនអាចចាប់បានសូម្បីតែម្នាក់ រីឯម៉ូតូឬឡានអ្នកជល់មាន់មិនបានទុកដាក់នៅកន្លែងជល់មាន់នោះឡើយនៅតែសង្វៀន។ បើយោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋម្នាក់ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា សង្វៀន ជល់មាន់ចល័តដែលមានម្ចាស់ឈ្មោះ ឡាំ លឿង បច្ចុប្បន្ន រស់នៅភូមិ កំពង់ ឃុំ ជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរ កាប់ជ្រូក និងខ្វៃជ្រូកលក់ ព្រមទាំងមានសង្វៀន ជល់មាន់ចល័តចំនួន៤ កន្លែង
១- ចំណុច ទូល ព្នៅ ស្ថិតក្នុង ភូមិស្រម៉ ឃុំជីក្រែង
២- ចំណុចពោធិ៍ទាន ទល់មុខសាលា បឋមសិក្សាពោធិ៍ រស្មីសង្គមស្ថិតក្នុង ភូមិ កំពង់ ឃុំ ជីក្រែង
៣- ចំណុចទួលតារាជស្ថិតក្នុង ភូមិស្វាយដោក ឃុំអន្លង់ សំណរ
៤- ចំណុចអាងទឹកសហគមន៍៧ភូមិស្ថិតក្នុង ភូមិព្រែក អង្គរថ្មី ឃុំ អន្លង់ សំណរគាត់បានបញ្ជាក់យ៉ាងច្បាស់ថាមានការណាត់ជល់៣ថ្ងៃ/សប្ដាហ៍ គឺជល់ នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គិតថ្លៃជល់មាន់៥០០០០រៀលក្នុង១គូ ហើយជល់បានពី៦គូ ទៅ៧ គូ ក្នុងមួយថ្ងៃ បាយ១ប្រអប់ ៨០០០រៀល, បារី និងភេសជ្ជៈផ្សេងៗ លក់ក្នុងតម្លៃថ្លៃធ្វេរដងជាពិសេសអ្នកទៅមើលឱ្យ ២០០០រៀលទៅលោក ឡាំ លឿង ហើយអ្នកមើលការបញ្ជល់មាន់មិនតិចជាង១០០នាក់ទេ/១ថ្ងៃ។ គាត់បានបន្ថែមថាលុយទាំងនោះមួយចំនួនលោក ឡាំ លឿង ចែករំលែកឱ្យសមត្ថកិច្ចក្នុងមូលដ្ឋានឬអ្នកពាក់ព័ន្ធមួយចំនួនជាថ្នូរនឹងធ្វើមិនដឹងមិនឃើញ និងមិនអនុវត្តច្បាប់ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល ក៏ដូចជាមិនព្រមអនុវត្តតាមអនុសាសន៍របស់ សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លោកបានដាក់បញ្ជាឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបំបាត់ឱ្យអស់នូវល្បែងស៊ីសងរួមទាំងល្បែងស៊ីសងបក្សីជល់មាន់ផងដែរ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក វរសេនីយ៍ត្រី លីថុង ផល រ៉ាត់ ហៅ(ឡាត់) មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អន្លង់ សំណរ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា សង្វៀន នៅអាងទឹកប្រជាសហគមន៍៧ ភូមិលិចទឹកអស់ហើយ រីឯសង្វៀនៅទួលតារាជលោកបានដកយកមកទុកឯប៉ុស្តិ៍ហើយថែមទាំងប្រាប់ម្ចាស់ដីឈប់ឱ្យជួលឲ្យលោក ឡាំ លឿង ដាក់ សង្វៀនទៀតហើយ។ វរសេនីយ៍ត្រី ហ៊ៅ ហ៊ាន ហៅ(ចែត្រ) មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ជីក្រែង ប្រាប់អ្នកសារព័ត៌មានតាម ទូរស័ព្ទថា លោកធ្លាប់ហៅ លោក ឡាំ លឿង មកធ្វើកិច្ចសន្យាបញ្ឈប់ព្រមទាំងបញ្ជូនឈ្មោះ បុគ្គលម្នាក់នេះទៅ អធិការដ្ឋានស្រុកជីក្រែងហើយ។ លោក ឡាំ លឿង ជាញឹកញាប់ធ្លាប់ឆ្លើយប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធ Messenger ថាឈប់ជល់ហើយ សមត្ថកិច្ចគេបិទ ទោះបីបណ្ដាញអ្នកសារព័ត៌មានថាគាត់កំពុងតែជល់មាន់ក៏ដោយ។ ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់ អភិបាលស្រុក ជីក្រែង លោក បូ ម៉េងទ្រី និង វរសេនីយ៍ឯក តាន់ លីហេង អធិការស្រុកជីក្រែង មេត្តាដាស់តឿន សមត្ថកិច្ចក្រោម ឧ៌វាទបន្ថែមការអនុវត្ត ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ឱ្យកាន់តែល្អប្រសើរថែមទៀត ហើយសូមកុំភ្លេចជួយមានវិធានការចំពោះម្ចាស់សង្វៀនជល់មាន់ចល័ត ឈ្មោះ ឡាំ លឿងឱ្យមានប្រសិទ្ធភាពផង។