កង្វះការយល់ដឹង ក្នុងការប្រើប្រាស់ផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍

សៀមរាប៖ ដោយមើលឃើញនូវកង្វះការយល់ដឹងពីការប្រើប្រាស់ផ្លូវនៅក្នុងក្រុងសៀមរាប ដែលបង្កឲ្យកើតមានឡើង ជារៀងរាល់ថ្ងៃ នូវគ្រោះថ្នាក់ចរាចរណ៍នោះ អាជ្ញាធរខេត្តសៀមរាបអំពាវនាឲ្យដល់បងប្អូនអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ និង ត្រូវបញ្ឈប់ការបើកបរតាមទម្លាប់តទៅទៀត ។ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែកខិតប័ណ្ណ ,ចែកមួកសុវត្ថិភាព និង ចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវ នៅ បណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខសណ្ឋាគារអង្គរអេរ៉ា ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។
មានប្រសាសន៍នោះដែរលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងឆមាសទី១កន្លងមកនេះ នៅក្នុងខេត្តសៀមរាប អត្រាគ្រោះថ្នាក់ចរាចណ៍មានការកើនឡើង ។ ដូចនេះការចុះធ្វើការណែនាំ អប់រំផ្សព្វ ផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីឲ្យប្រជាពលរដ្ឋយល់ និង អនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អ ក្នុងការវាយជួងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ សាធារណៈទាំងអស់ ត្រូវគិតដល់សុវត្ថិភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ ម៉្យាងទៀត គ្រប់អ្នកប្រើប្រាស់ យានយន្តទាំងអស់ សំខាន់ទោចក្រយានយន្ត ត្រូវចេះប្រើប្រាស់ផ្លូវ តាមគន្លងចរាចរណ៍បានកំណត់ សម្រាប់ការធ្វើចរាចរណ៍បើកបរក្នុងគន្លងរបស់ខ្លួន ដើមី្បបញ្ជៀសនូវការគ្រោះថ្នាក់ នូវពេលខ្លួនរំលោភទៅកន្លងផ្លូវរថយន្ត ។
លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការ និងដឹងជញ្ជូន ខេត្តសៀមរាប បានឲ្យដឹងថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំង ឡាយ ឲ្យពួកគាត់យល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និង ត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និង ជម្រុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន ។ លោកបានបន្តថា គ្រោះថ្នាក់ចរាចណ៍ នៅក្នុងខេត្តសៀមរាបកន្លងងមកនេះភាគច្រើន គឺបណ្តាលពីមិនគោរពច្បាប់ចរាចណ៍ ដូចជាបើកបរហួសល្បឿនកំណត់ ការបត់មិនគោរពតាមផ្លាកសញ្ញា ឬ គំនូសចរាចណ៍ជាដើម ដោយពួកគាត់ជិះតាមទម្លាប់ ។ លោកប្រធានមន្ទីរក៏បានស្នើសុំយ៉ាងទទូចដល់អ្នកបើកបរទាំងអស់សូមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន បញ្ឈប់ការបើកបរតាមទម្លាប់ ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានកើតមានចំនួន៧៥លើក កើនឡើង៣៣លើក ស្មើ៧៨% និង បណ្តាល ឲ្យស្លាប់ ចំនួន៥៧នាក់ ស្រី២០នាក់ កើនឡើង២៤នាក់ ស្មើ៧២% ,របួសធ្ងន់ចំនួន៣៤នាក់ ស្រី៥នាក់ របួសស្រាល ចំនួន៧១នាក់ ស្រី២៥នាក់ កើនឡើង៤៣នាក់ ស្មើ១៥៣% ។ សរុបអ្នករងគ្រោះ ចំនួន១៦២នាក់ (ស្រីចំនួន៥០នាក់) ក្នុងនោះមានបរទេស៦នាក់ ។ ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា នៅក្នុងគ្រោះថ្នាក់ខាងលើ ក៏បាន បណ្តាលឲ្យខូចខាតយានយន្តសរុប ១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង ផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *