អាជ្ញាធរស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាជំរុញបន្ថែមដល់មន្ត្រីអត្រានុកូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាព និងពិនិត្យឲ្យបានច្បាស់លាស់អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ជៀសវាងការមានកំហុសឆ្គងក្នុងពេលផ្ដល់សេវា ជាពិសេសបន្តការផ្សព្វផ្សាយបន្ថែម តាមរយៈការអនុវត្តកញ្ចប់សេវាសង្គមរបស់ឃុំ និងទប់ស្កាត់ការផ្តល់ទិន្នន័យដែលផ្ទុយពីនីតិវិធី។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ស៊ុម សុភាព អភិបាលរងស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញថា អនុវត្តតាមយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាល លើកិច្ចការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ដែលមានតាំងពីឆ្នាំ២០០២មក អាជ្ញាធរតែងចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ ឲ្យទៅទទួលយកសេវាចុះបញ្ជីអត្រានុកូលដ្ឋាន មានដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ,សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាពជាដើម ព្រោះឯកសារទាំងអស់នេះ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។
លោកស្រីបន្តថា ការងារនេះ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត ក្រសួងមហាផ្ទៃ តែងបានផ្សព្វផ្សាយដោយផ្ទាល់ ឬតាមរយៈកិច្ចប្រជុំនានាទៅដល់មន្រ្តីអនុវត្តផ្ទាល់ លើការផ្ដល់សេវាអត្រានុកូលដ្ឋាន ដើម្បីបញ្ជៀបបន្ថែមនូវនីតិវិធីមួយចំនួនក្នុងករណីមានកែសម្រួលលើវិសោធនកម្មច្បាប់ ដើម្បីឲ្យគាត់បានយល់ដឹង និងអនុវត្តតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាននានា ជៀសវាងការកើតមាននូវកំហុស និងការក្លែងបន្លំផ្សេងៗ។
លោកស្រី បញ្ជាក់ថា ការងារអត្រានុកូលដ្ឋាន គឺជាការងារដ៏សំខាន់ចាំបាច់ ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ព្រោះវាគឺជាភស្តុតាងដ៏មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ សម្រាប់បញ្ជាក់ពីអត្តសញ្ញាណ និងស្ថានភាពស៊ីវិលរបស់ប្រជាពលរដ្ឋម្នាកៗ ក្នុងសង្គម និងគ្រួសាររបស់ខ្លួន រួមចំណែកក្នុងការការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិ និងការគាំពារនានាពីសង្គមទៀតផង៕
អត្ថបទ៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ