កិច្ចប្រជុំសាមញ្ញលើក ទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៤នេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើមី្បធ្វើការពិនិត្យ ពិភាក្សា និង អនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី២នេះ មានរបៀបវារៈចំនួន៤ និង មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជានាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្តសៀមរាប ។
ឯកឧត្តម លី សំរិទ្ធ បានគូសបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៤ ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ននានា សំដៅឆ្ពោះទៅរកមូលដ្ឋាន បម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត កែលម្អ នូវរាល់ភាពអសកម្មនានា និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជៀសវាងឲ្យបាន ការបង្ករឲ្យមានភាពថ្នាំងថ្នាក់ ដែលជាមូលហេតុនៃការកើតឡើង និង ជះឥទ្ធិពលមិនល្អដល់គោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និង ប្រសិទ្ធភាព ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏បានធ្វើការត្រួតពិនិត្យ ពិភាក្សា និង ធ្វើការកែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ នៃបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បាន យ៉ាងល្អិតល្អន់បំផុត ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះ បានអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ និងធ្វើការពិនិត្យ ពិភាក្សា លើសេចក្តីព្រាងស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និង ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និង អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤នៃការអនុវត្ត របស់រដ្ឋបាលខេត្តសៀមរាប ។ ក្នុងនោះដែរក៏មានធ្វើការបោះឆ្នោតជ្រើសរើស ប្រធាន១រូប អនុប្រធាន២រូប របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ ក្នុងនោះលោកជំទាវ ស៊ិន ណម ជាប្រធាន និង លោកជំទាវ យូ សុភា និងឯកឧត្តម ភឹង ចិន្តារ៉េត ជាអនុប្រធាន ។
មានប្រសាសន៍នោះដែរលោក លី សារី អភិបាលរងខេត្ត ក៏បានធ្វើការឯកភាពទៅលើការកែតម្រូវ និង បន្ថែមនូវ ខ្លឹមសារ ទៅតាមឃ្លា ប្រយោគ នៃសេចក្តីព្រាងបទបញ្ជារផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះផងដែរ ។
ឆ្លងតាមការអនុម័តនៃកិច្ចប្រជុំសាមញ្ញលើកទី២ រួចមក ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការក្រើនរំលឹកដល់ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្តទាំងអស់ ដែលជាតួអង្គនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ គឺត្រូវគោរពឲ្យបាន ក្រោយពីបានធ្វើការអនុម័តទៅលើបទបញ្ជាផ្ទៃក្នុង និង ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ។ ក្នុងនោះឯកឧត្តមប្រធាន ក៏បានជម្រុញ ដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវក្នុងការការដោះស្រាយវិវាទទាំងឡាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ ព្រមទាំងបានលើកឡើងពី នីតិវិធីរដ្ឋាបាល មួយចំនួនដល់មន្ត្រីរាជការផងដែរ ។ ឯកឧត្តម ក៏បានរំលឹកថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាលកំណត់ ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *