វត្តកេសរារាមក្នុងក្រុងសៀមរាប ប្រារព្ធធ្វើពិធីចូលព្រះវស្សា និង បុណ្យអាសាឡ្ហបូជា ដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗ ទាំង៥របស់ព្រះពុទ្ធ

នៅល្ងាចថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤នេះព្រះគ្រូចៅអធិការវត្តកេសរារាមក្រុងសៀមរាបខេត្តសៀមរាប រួមជាមួយអាចារ្យ គណៈកម្មការវត្ត ដូនជី តាជី រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធធ្វើពិធីថ្ងៃបុណ្យចូលព្រះវស្សា និង ពិធីបុណ្យ អាសាឡ្ហបូជា គឺដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់ព្រះពុទ្ធ ដោយមានការរៀបចំជាក្បួនដើម្បីដើរដង្ហែរបុណ្យអាសាឡ្ហបូជា តាមដងផ្លូវផងដែរ។ ព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តកេសរារាម បានមានសង្ឃដីកាថាការរៀបចំប្រារព្ធធ្វើពិធីថ្ងៃបុណ្យចូលព្រះវស្សា និង ពិធីបុណ្យ អាសាឡ្ហបូជានាពេលនេះគឺចង់បង្ហាញអំពី ទឹកចិត្តដ៏ល្អ និងជាគំរូ ដល់ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ ព្រះពុទ្ធ សាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងសាសនា និងដើម្បីលើកកម្ពស់សាសនាព្រះពុទ្ធឱ្យបានរីកចម្រើនខ្លាំងក្លា តាមព្រះពុទ្ធឱវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវសាសនាជារបស់រដ្ឋ និងដើម្បីជាលំអានសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយរបស់យើងបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីគុណតម្លៃ នៃព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។ ព្រះវិបុលសត្ថា រី សាត ព្រះ បានមានសង្ឃដីកាថា បណ្តាថ្ងៃបូជាទាំងអស់ អាសាឡ្ហបូជា គឺជាទិវាដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនាហើយទិវានេះ តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំគឺនៅរៀងរាល់ថ្ងៃ ១៥កើត ខែអាសាឍ ។ ព្រះវិបុលសត្ថា រី សាត បានមានសង្ឃបន្តថាពិធីបុណ្យ អាសាឡ្ហបូជា គឺដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់ព្រះពុទ្ធដែលរួមមាន៖ ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ. ព្រះអង្គទ្រង់ចេញសាងព្រះផ្នួស. ព្រះអង្គ ទ្រង់សម្តែងព្រះធម៌ដំបូង ហៅថាបឋមទេសនា .ព្រះអង្គទ្រង់ស្ថាបនាព្រះសង្ឃ.ព្រអង្គទ្រង់សម្តែងយមកប្បាដិហារ្យ ឬ សម្តែង ឬទ្ធិ ។ ហើយហេតុទាំង៥ខាងលើនេះ គឺសុទ្ធតែកើតឡើងនៅក្នុងថ្ងៃ ១៥ កើត ខែអាសាឍទាំងអស់ផងដែរ ។ ហេតុដូចនេះហើយ ពុទ្ធបរិស័ទទាំងអស់ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជាគឺការបូជាដោយការប្រតិបត្តតាមសមគួរដល់ធម៌ មាន ការឲ្យទាន ការរក្សាសីល និង ការចម្រើនភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀតផងដែរ ។ ព្រះគ្រូចៅអធិការវត្តកេសរារាម ក៍បានមានសង្ឃដីកាបញ្ជាក់បន្ថែមឲ្យដឹងទៀតអំពីបុណ្យចូលព្រះវស្សាគឺពិធីបុណ្យដ៏មានសារៈសំខាន់មួយក្នុងព្រះពុទ្ធសាសនា គឺជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែអស្សុជ គិតតាមចន្ទគតិ ដែលទំនៀមទំលាប់នេះ គឺបានជាប់ជាប្រពៃណីប្រតិបត្តិរហូតមក ហើយទាំងព្រះមហាក្សត្រ និងរាស្ត្រសាមញ្ញទូទៅ តែងទំនុកបម្រុងគ្រឿងបរិក្ខាបូជាផ្សេងៗចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីបានអានិសង្សដល់ជាតិមុខ។ ព្រះវិបុលសត្ថា រី សាត បានមានសង្ឃដីកា បន្តថា ថ្ងៃចូលព្រះវស្សាដែលមានថេរវេលា៣ខែនោះគឺតាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រ នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដងផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *