កាលពីវេលាម៉ោង ២៤ និង ២០នាទី រំលងអត្រាធ ឈានចូលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ ម៉ាឡេ ជើងភ្នំគូលែន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តធុនយក្ស(ប្រភេទV1) ម៉ាកហ៊ីណូ ផ្ទុកទៅដោយដំឡូងមី បានទៅបុកបង្កាន់ដៃស្ពានខូចខាត ស្ថិតនៅភូមិសាស្ត្រ ភូមិថ្មជល់ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបាក់ធ្លាក់រថយន្តទៅក្រោមស្ពាន និង រ៉ឺម៉ក់សណ្តោងផ្ទុកដោយដំឡូងមី ក្រឡាប់ផ្ងារជើង ចាក់ដំឡូងទៅម្ខាងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្នុងភូមិទាំងកណ្តាលអត្រាធ ហើយបានមកជួយសង្រ្គោះអ្នកបើកបររថយន្ត ទាំងពីរនាក់យកទៅកាន់មណ្ឌលសុខភាព ដោយអ្នកទាំងពីររងរបួសស្រាល ។
តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ចជំនាញ បានឲ្យដឹងថា តាមការសួរនាំអ្នកបើកបររថយន្ត បានដឹងថា រថយន្តរបស់ខ្លួនបានដឹកដំឡូង បើកបរមកពីទិសខាងលិច ហើយនៅពេលមកដល់កន្លែងកើតហេតុនៅគល់ស្ពានថ្មជល់នេះ ក៏មានអ្នកជឹះម៉ូតូបើកមកយ៉ាងលឿនមកពីទិសខាងកើត ដោយស្ថានភាពផ្លូវដល់ស្ពាននេះ មានសភាពកោង ធ្វើឲ្យអ្នកបើក ម៉ូតូ បានចូលមកគន្លងផ្លូវម្ខាងទៀត ដែលរថយន្តកំពុងបើកបរ ក៏ម្ចាស់រថយន្តខំកាច់ចង្កូតគេចពីម៉ូតូ ក៏បានជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានតែម្តង និង ធ្វើឲ្យរថយន្តដាច់ទម្ពូករឺម៉ក់បាក់ដាច់ ហើយធ្លាក់រថយន្តទៅក្រោមស្ពាន ធ្វើឲ្យអ្នកបើកបរទាំងពីរនាក់លោតចេញទាន់ បណ្តាលឲ្យរងរបួសស្រាលតែប៉ុណ្ណោះ ។ ចំណែកឯរថយន្ត ត្រូវខូចខាតទាំងស្រុង ហើយ រ៉ឺម៉ក់ក៏បានក្រឡាប់ផ្ងាជើង ចាក់ដំឡូងរាចទៅនឹងចម្រាក់ម្ខាងផ្លូវ តែមិនបានប៉ះពាល់ដល់ម៉ូតូនោះឡើយ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្ន មិនមើលស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវ ទាំងរថយន្ត និង ម៉ូតូ ។ បច្ចុប្បន្ននេះ រថយន្តរងគ្រោះ នៅមិន ទាន់ធ្វើការស្ទូចយកចេញនៅឡើយ ឃើញតែខាងជំនាញសាធារណៈការបានមកពិនិត្យមើលការខូចខាតបង្កាន់ដៃស្ពាន និង ម្ចាស់ដំឡូងយករថយន្តមកសាងដំឡូងតែប៉ុណ្ណោះ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប