សៀមរាប៖ លោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមប្រធានក្រុមការងារ ចុះមូលដ្ឋានក្រុងសៀមរាប អមដំណើរដោយឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីរាជការជុំវិញខេត្ត ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានមូលមតិគ្នាជាឯកច្ឆន្ទ នៅចុងសប្តាហ៍ព្រឹកថ្ងៃ ទី ២០ ខែ កក្កដា ឆ្នាំ២០២៤ បាននាំយកបរិក្ខារ ទេយ្យទាន និង បច្ច័យ ទៀនព្រះវស្សា ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាស ចំនួន៤៦វត្ត នៅវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
មានសង្ឃដិកានោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងឲ្យដឹងថា អំពីទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រ នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។
នៅក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ជា រតនា បានពាំនាំនប្រសាសន៍ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ជូនចំពោះព្រះសង្ឃនិងបងប្អូនប្រជាពុទ្ធបរិស័ទក្នុងសៀមរាប ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពរស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ឯកឧត្តមគូសបញ្ជាក់ថា នៅរៀងរាល់ឆ្នាំ ពុទ្ធបរិស័ទ្ធ និង សប្បុរសជន ក៏ដូចរដ្ឋបាលខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សា មកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូក្នុងខេត្តសៀមរាប ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិតបន្តទៀតថា ទីវត្តអារាម គឺ ជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាល នូវធនធានមនុស្ស ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រទៀតផង ។ ឯកឧត្តមកអ្នកឧកញ៉ាបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរ ព្រះសង្ឃ ពុទ្ធបរិស័ទគ្រប់ទីវត្តអារាម នៅថ្ងៃទី០៥ សីហាខាងមុខនេះ នៅវេលាម៉ោង៩ ព្រឹក ត្រូវធ្វើការទូងស្គរ វាយជួង អាគាំង ត្រដោក ដើមី្បអបអរសាទរនូវយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្រ បើកការដ្ឋានព្រែកជីក ហូណនតេជោ ដើមី្បលើកកម្ពស់នូវសេដ្ឋកិច្ចជាតិ ។
ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបានធ្វើកិច្ចនមស្សការ ថ្វាយ បង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនវស្សា និង គ្រឿងបរិក្ខារ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅ រដូវចាំព្រះវស្សានេះតាមតម្រូវការ នូវសម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃ នូវទៀនវស្សា ០១គូ អង្ករ ១៥០គក្រ ,ទឹកសុទ្ធ ២កេស ,ទឹកក្រូច ១កេស , , មី ២កេស , ទឹកត្រី ២យូរ , ទឹកស៊ីអ៊ីវ ២យូរ,ត្រីខ ២យូរ, នំធុង១, ស្លាដក១ និងបច្ច័យ ១លានរៀលសម្រាប់ប្រើប្រាស់ក្នុងវត្ត ។ ក្នុងនោះប្រគេនដល់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នូវបច្ច័យ ៤លានរៀល និង ព្រះមេគណខេត្តទាំងពីរគណៈ មួយអង្គ ១លានរៀល និង ព្រះសង្ឃទាំង៤៦អង្គមកពីវត្តទាំង៤៦ ក្នុងមួយអង្គប្រគេន ២០ម៉ឺនរៀល ក្នុងនោះដែរលោកជំទាវក៏បានជូននូវបច្ច័យដល់សីលវ័ន្ត សីលវន្តី ម្នាក់ៗនូវបច្ច័យ ២ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភដល់ក្រុមការងារ និង កងកម្លាំងផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប