ឯកឧត្តម ខូយ រីដា អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជននិង ប្រជាពលរដ្ឋ រួមគ្នាដាំដើម ឈើគ្រប់ប្រភេទ ដើម្បីបង្កើនជីជាតិ ដីកសិកម្មនិងផលប្រយោជន៍ ដល់មនុស្ស សត្វ

ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ប្រជាពលរដ្ឋនិងក្មួយៗគ្រប់អង្គ/គ្រប់រូបមេត្តាយកចិត្ត ទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនដែលអាចធ្វើទៅបាននៅតាមសាលារៀន វត្តអារាម ទីសាធារណៈ រមណីដ្ឋាន តាមដងផ្លូវនិងភូមិឋាន ដើម្បីជារបាំងការពារផ្តល់អត្ថប្រយោជន៍មនុស្ស សត្វនិងបង្កើននូវជីជាតិដីកសិកម្មជាដើម ។

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ខូយ រីដា បានធ្វើការអំពាវនាវបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅស្ថានីយ៍ផ្សព្វផ្សាយនិងស្តាព្រៃឈើសុក្រម ស្ថិតក្នុងភូមិព្រែកមួយ ឃុំសម្រោង ស្រុកភ្នំក្រវាញដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងមន្ត្រីអ្នកមុខ អ្នកការនិងប្រជាពលរដ្ឋប្រមាណ៥០០នាក់។

ឯកឧត្តម បានរំលឹកអំពីប្រវត្តិរុក្ខទិវាដែលផ្តួចផ្តើមឡើងដោយព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋនិងបានឧទ្ទិសរុក្ខទិវានេះឱ្យស្ថិតក្នុងបេះដូងរបស់ប្រជានុរាស្ត្រកម្ពុជាគ្រប់ៗរូបនិងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទព្រមទាំងចូលរួមរក្សាការពារនិងអភិរក្សធនធានព្រៃឈើនិងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់ វស្សរហូតទៅ។

រុក្ខទិវានេះត្រូវបានប្រារព្ធធ្វើឡើងចាប់ពីឆ្នាំ១៩៩២ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋ មន្ត្រីនិងបន្តដោយសម្តេចមហបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាតែងតែផ្តល់ការគាំទ្រឱ្យមានទិវា នេះឡើងជារៀងរាល់ឆ្នាំ។

ចំពោះខេត្តពោធិ៍សាត់បានជ្រើសរើសនាថ្ងៃទី១៨ខែកក្កដាសម្រាប់ប្រារព្ធពិធីរុក្ខទិវា៩កក្កដានៅស្ថានីយ៍ ផ្សព្វផ្សាយនិងស្តាព្រៃឈើសុក្រមស្ថិតក្នុងភូមិព្រែកមួយ ឃុំសម្រោង នាឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក គឺក្នុងគោលបំណងរួមគ្នា បង្កើនគំនិតថ្មី ទុកជាទម្លាប់សម្រាប់មនុស្សគ្រប់ៗរូបចូលរួមដាំដើមឈើគ្រប់ប្រភេទនិងជួយទប់និងបញ្ឈប់ការកាប់ឈើ រុករាន ដុត ឈួសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ យកសត្វព្រៃទុកសម្រាប់កូនចៅយើងជំនាន់ក្រោយនិងទៅថ្ងៃអនាគត។ឯកឧត្តម បានថ្លែងថា ការដាំដើមឈើត្រូវយកចិត្តទុកដាក់ថែទាំទើបលូតលាស់ល្អបើមិនដូច្នោះទេច្បាស់ជាអសារបង់ជាមិនខាន។

ការងារដាំ ដើមឈើ ការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃគឺជាកិច្ចការរបស់យើងទាំងអស់គ្នាមិនមែនស្ថាប័នណាមួយឡើយ ព្រោះថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជានិយាយរួមដោយឡែកខេត្តពោធិ៍សាត់តែងតែបន្តនូវគោលនយោបាយអាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិហេតុនេះសូមឱ្យបេះដូងប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់គ្រប់រូបក្លាយជាប្រពៃណីស្រឡាញ់នៃការរួមគ្នាដាំដើមឈើ រួមគ្នាអភិរក្សធនធានព្រៃឈើ សត្វព្រៃគុណប្រយោជន៍របស់សង្គមជាតិស្របតាមកម្មវិធីកំណែទម្រង់វិស័យព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា។

, បើតាមរបាយការណ៍របស់លោក ហៃ ធូរ៉ា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តបានបណ្តុះកូនឈើប្រមាណ១៥ពាន់ដើមក្នុងនោះកូនឈើ១០០ពាន់ដើមបានចែកជូនកូនឈើទៅតាមវត្ត សាលារៀន អាជ្ញាធរនិងប្រជាពលរដ្ឋយកទៅដាំ។

នៅក្នុងខេត្តបានចងក្រងបង្កើតសហគមន៍ព្រៃឈើ៩៤កន្លែងគ្របដណ្តប់លើផ្ទៃដីជិត១៩ពាន់ហិកតាដែលមានសមាជិកសរុបជាង១៦ពាន់នាក់។ឆ្នាំនេះមន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រារព្ធពិធីដាំកូនឈើនៅលើផ្ទៃដី១ហិកតាកន្លះ ដាំកូនឈើចម្រុះរួមមានឈើហូបផ្លែ ធ្នង់ក្រញូង គគីរ បេង អង្កាញ់ ស្តៅ ច្រេសចំនួន២៦០០ដើម ។

ដោយឡែកនៅទីតាំងនេះក្នុងឆ្នាំ២០២៤ខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើការដាំកូនឈើចម្រុះ១៦,៥០០រួចមកហើយលើផ្ទៃដី១០ហិកតា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *