ក្រុមហ៊ុនទ្រីភាពគ្រុប ប្រគេនទៀន ចំណាំព្រះវស្សានិងទេយ្យទាន ចំនួន១៣វត្ត នៅស្រុកវាលវែង

ខេត្តពោធិសាត់៖ ឯកឧត្តម ឃៀង សុជីវន័្ត សមាជិកក្រុមប្រឹក្សាខេត្តនិងជាអគ្គនាយករងក្រុមហ៊ុនទ្រីភាពគ្រុបតំណាងលោកអ្នកឧកញ៉ាបណ្ឌិតទ្រី ភាព បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបនិងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បាននាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃចំនួន១៣វត្តក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើជារួមនៅវត្តគិរីបុទុម្ពរ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែងដោយមានការចូលរួមពីលោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកនិងមន្ត្រីក្រុមការងារក្រុមហ៊ុនជាច្រើនទៀត។

វត្ដទាំង១៣នៅក្នុងស្រុកវាលវែង រួមមានវត្ត គិរីបុទុម្ពរ វត្តរស្មីសីលារតនារាម វត្តកែវជុំ វត្តគិរីបុទុសិលារតនារាម វត្តសាមគ្គីរតនារាម វត្តពោធិការាម វត្តសុវណ្ណគិរីមុនីឧត្តម វត្តគិរីវង្គត់ឥសីសិទ្ធិ វត្តលុម្ពីនីសាលវ័ន វត្តគិរីបុទុម្ពិសី វត្តព្រះពុទ្ធប្រោសសត្វនិងវត្ត គិរី ខណសីមាវង្សាសែនជ័យដោយក្នុងមួយវត្តប្រគេនទៀនចំណាំព្រះវស្សា ១គូរ អង្ករ១០០គីឡូក្រាម ត្រីខ១កេស ទឹកដោះគោ១កេស ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេស មី ៣កេស ត្រីផាត់២ធុង ប្រេងឆា ២ដប ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ២យួរ ប្រេងម៉ាស្សូត៣០ លីត្រ បច្ច័យកសាង១លានរៀល ប្រគេនបច្ច័យព្រះសង្ឃ១៣អង្គក្នុងមួយអង្គ៥៤ ម៉ឺនរៀល និងគណកម្មការវត្ត១៣នាក់ក្នុងម្នាក់ៗ ថវិកា១០ម៉ឺនរៀល។

ឯកឧត្តម ឃៀង សុជីវន្ត័ បានថ្លែងថា អនុមោទនាពិធីប្រគេនទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃចំនួន១៣វត្តក្នុងស្រុកវាលវែង ដែលបានអនុមោទនាប្រគេនទៀនចំណាំព្រះវស្សានិងទេយ្យវត្ថុ គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃឆ្នាំនេះក្រោមគំនិតផ្តួចផ្តើមឡើងដោយលោកអ្នកឧកញ៉ា បណ្ឌិត ទ្រីភាពនិងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រតែងតែបានប្រារព្ធធ្វើជារៀងរាស់ឆ្នាំទាំងក្នុងខេត្តពោធិ៍សាត់និងខេត្តមួយចំនួនទៀតក្នុងគោលបំណងជួយទំនុកបម្រុងទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សាមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងស្របតាមទំនៀមទំលាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ព្រោះថា ព្រះសង្ឃគ្រប់វត្តអារាមត្រូវចូលកាន់ព្រះវស្សាអស់ថេរវេលា៣ខែចាប់ពីថ្ងៃ១រោជខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រ។

ឯកឧត្តមបានលើកឡើងទៀតថា ជាទូទៅការចូលព្រះវស្សាដែលប្រជាពលរដ្ឋជាអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់ៗរូបតែងតែរៀបចំទៀនវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគនិងបច្ច័យយកមកវេប្រគេនព្រះសង្ឃដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ។បច្ចុប្បន្ននេះនៅប្រទេសកម្ពុជានិយាយរួមដោយឡែកក្នុងភូមិសាស្ត្រស្រុកវាលវែងឃើញថា វត្តអារាមមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាពនិងបើកទូលាយដល់ប្រជាពលរដ្ឋក្នុងការជំនឿរបស់ខ្លួនមិនប្រកាន់អ្វីឡើយ ។

កត្តា ដែលសំខាន់នោះគឺគ្រប់សាសនាទាំងអស់គឺស្ថិតក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានកត់សម្គាល់ឃើញថា នៅស្រុកវាលវែងចុងក្រោយនេះវត្តអារាមបានកើតមានច្រើនងាយស្រួលពុទ្ធបរិស័ទធ្វើបុណ្យទានព្រមទាំងបានឧទ្ទិសកុសលផលបុណ្យដល់បុព្វការី ជន សាច់សាលោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខ។

សូមបញ្ជាក់ដែរថា លោកអ្នកឧកញ៉ាបណ្ឌិត ទ្រីភាពនិងលោក ជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រនិងក្រុមការងារក៏បានប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុវត្តចំនួន៥រួចមកហើយគឺវត្តព្រៃខ្លុង វត្តគិរីគង្គាររតនារាម នៅក្នុងស្រុកភ្នំក្រវាញ វត្តហង្សាបតិ វត្តហ្លួង នៅក្រុងពោធិ៍សាត់និងបូជនីដ្ឋានឧកញាឃ្លាំងមឿងនិង លោកជំទាវ ខាន់ ខៀវ ស្ថិតក្នុងស្រុកបាកាន។

ព្រះតេជគុណសុខ មាន ព្រះអនុគណស្រុកវាលវែងនិងជាព្រះចៅអធិការវត្តគិរីបុទុម្ពរ មានសង្ឃដិកាថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះឯកឧត្តម ឃៀង សុជីវ័ន្ត សមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយករងក្រុមហ៊ុនទ្រីភាពគ្រុបតំណាងលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភានិងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបនិងលោក ជំទាវអ្នកឧកញា គៀន ស្រីនាង ព្រមទាំងបុត្រនិងក្រុមការងារទាំងអស់ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ព្រះសង្ឃតាម វត្ត អារាមនាឱកាសចូលព្រះវស្សា។

ព្រះអនុគណស្រុកសូមប្រគេនពរសព្ទសាធុកាដល់អ្នកឧកញា លោក លោកស្រីនិងក្រុមគ្រួសារ ជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *