ប្រជាពលរដ្ឋ៨ភូមិ ក្នុងឃុំគោកបន្ទាយ ប្រមូលផ្តុំគ្នាស្នើរាជរដ្ឋាភិបាល កាត់ឆ្វៀលដីតំបន់២ មកជាតំបន់១ ជូនពួកគាត់

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាច្រើនអ្នកមកពី ៨ភូមិក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំដើម្បីស្នើសុំអាជ្ញាធរ ជួយដោះស្រាយក្នុងការកាត់ឆ្វៀលដីតំបន់២ កាត់ចូលជាតំបន់១ ដើម្បីអោយពួកគាត់ទទួលបានកម្មសិទ្ធិប្លង់រឹងដោយស្របច្បាប់។

ប្រជាពលរដ្ឋបានលើកគ្នាមកធ្វើការប្រមូលផ្តុំនេះបានកើតឡើងព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាឃុំគោកបន្ទាយប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាថាដីតំបន់នេះប្រជាពលរដ្ឋក្នុងឃុំគោកបន្ទាយទាំងមូល ក្នុងនោះមានដូចជាភូមិគោកបន្ទាយ ,ភូមិពពាលពក, ភូមិអូរតាសេក,ភូមិភេ,ភូមិទ្រនាមពេជ,ភូមិចុងឈើត្រាច,ភូមិកងមាស,និងភូមិមានជ័យ បានអាស្រ័យផលតាំងតែពីដូនតាមកហើយ ក្នុងទំហំដីជាច្រើនហិកតាផងដែរ ប៉ុន្តែមកទល់ពេលនេះពុំទាន់បានទទួលសិទ្ធិកាន់កាប់ស្របច្បាប់នៅឡើយ ដោយហេតុថាប្រជាពលរដ្ឋនៅឃុំអណ្តូងស្នាយ និងឃុំជ្រៃបាក់ ជាតំបន់ដីលិចទឹកដូចគ្នា ប៉ុន្តែខាងគេទទួលបានការកាត់ឆ្វៀលរួចរាល់ហើយ។

ជាគោលបំណងដែលពួកគាត់ប្រមូលផ្តុំគ្នានាពេលនេះ សូមសំណូមជាពិសេសរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធជួយសម្រួលយ៉ាងណាជួយកាត់ឆ្វៀលតំបន់២នេះ ជាតំបន់១ ទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ផ្តល់ភាពកក់ក្តៅ និងអាចមានលទ្ធភាពក្នុងកិច្ចការងារសេដ្ឋកិច្ចគ្រួសារជាមួយធានាគារ គ្រាដែលតម្រូវការចាំបាច់។

លោកយឹម យ៉ុន មេឃុំគោកបន្ទាយ បានឲ្យដឹងថាសំណូមពររបស់ប្រជាពលរដ្ឋគឺត្រឹមត្រូវហើយលោកមិនបដិសេធនោះទេ ប៉ុន្តែយើងយោងទៅតាមច្បាប់អនុក្រឹតដែលប្រមុខរាជរដ្ឋាភិបាលលោកឆ្វៀលអោយតែប៉ុណ្ណោះ យើងពុំអាចធ្វើអ្វីតាមតែការនឹកឃើញនោះទេយើងផ្អែកទៅលើច្បាប់ត្រឹមត្រូវ ហើយក្នុងនាមរូបលោកជាអាជ្ញាធរឃុំបានរាយការណ៍ជូនទៅអាជ្ញាធរស្រុក រួចហើយដើម្បីធ្វើការសម្របសម្រួលដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។

ដោយឡែកលោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរបានបញ្ជាក់ថា ពាក់ព័ន្ធព័ត៌មាននេះលោកបានទទួលដំណឹងហើយតាមរយៈលោកមេឃុំ ចំពោះករណីនេះអាជ្ញាធរស្រុក រួមជាមួយថ្នាក់ដឹកនាំខេត្តបានធ្វើការស្នើសុំដល់ក្រសួងដែនដី និងក្នុងកិច្ចប្រជុំនៅថ្នាក់ខេត្ត ក៏បានលើកឡើងពីការស្នើសុំកាត់ឆ្វៀលនេះផងដែរ។

ជាក់ស្តែងដីតំបន់នោះមួយចំនួនធំ គឺនៅជាប់ដងផ្លូវ ហើយប្រជាពលរដ្ឋបានប្រើប្រាស់អាស្រ័យផលធ្វើស្រែចម្ការ រហូតមកហើយ ប៉ុន្តែការសម្រេចរបស់ថ្នាក់ដឹកនាំគឺអត់ទាន់មានទេ! ដោយអនុក្រឹត្យចេញមកគឺមិនបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋមកជាតំបន់១ គឺជាដីតំបន់២។

ប៉ុន្តែចំណុចនេះលោកសុំឲ្យលោកមេឃុំធ្វើការស្រង់ចំនួនប្រជាពលរដ្ឋជាក់ស្ដែងដែលមានក្បាលដីនៅក្នុងដីតំបន់២នេះ ហើយនិងចំនួនផ្ទៃដីប៉ាន់ស្មានដែលគាត់មាន ដើម្បីសុំគោលការណ៍មកថ្នាក់ដឹកនាំរៀបចំនិតិវិធីស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *