សៀមរាប៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងការរៀបចំផែនការសកម្មភាព ដើមី្បបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តសៀមរាប ក្រោមកិច្ចដឹក នាំប្រជុំរបស់លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូរ អាជ្ញាធរក្រុង ស្រុកផងដែរ ។
ចំពោះស្រុកក្រឡាញ់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាស្រុកបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល ODF នៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅបរិវេនសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងអង្គការដៃគូរ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក មេឃុំ ភូមិ និងសិស្សានុសិស្ស សរុបចំនួន ២៦៨នាក់ចូលរួម ។
បន្ទាប់ការសំណេះសំណាលរបស់លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទរួចមក ក្នុងឱកាសប្រកាសជាផ្លូវការ ស្រុកក្រឡាញ់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF លោក អ៊ឹង គឹមលាង បានមានប្រសាសន៍បញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែក មួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ដោយមើលឃើញច្បាស់ពីផលប៉ះពាល់ អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាលនិងបណ្តាដៃគូរអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះនានា វិភាគ អំពីលទ្ធភាពនៃធនធាន ធ្វើយ៉ាងណាសម្រេចឲ្យបានគោលដៅ ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ។ លោកអភិបាលរងខេត្ត បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលស្រុក រដ្ឋបាលឃុំ ភូមិ អង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់នៅក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ផ្នែកអនាម័យ ក្នុងរង្វង់ ៩៧,២២% ភូមិODF មានចំនួន ៨៥៦ភូមិ ឃុំODFមាន ៨១ឃុំ , ស្រុកODF មានចំនួន៦ស្រុក ក្នុងនោះក៏មានស្រុកក្រឡាញ់ ជាស្រុកទី៥ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ។ ក្នុងនោះមានស្រុកចំនួន៥ ដែល មានប្រជាពលរដ្ឋរស់នៅជាអចិន្ត្រៃយ៍ នៅលើទឹក៦ខែ លើគោក ៦ខែ នឹងខ្វះនូវបង្គន់អនាម័យប្រើប្រាស់ ពុំសូវមានដៃគូរ អភិវឌ្ឍន៍ណាមួយចូលទៅគាំទ្រនៅតំបន់នោះឡើយ ក្រៅពីអង្គការផ្លែនអន្តរជាតិ គាំទ្រសាងសង់បង្គន់អនាម័យនៅតាមសាលារៀននៅភូមិបណ្តែតទឹក ។ ការសម្រេចបានស្រុកក្រឡាញ់ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF គឺ ពិតជាបានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋនៅសហគមន៍ រស់នៅប្រកបដោយភាពសុខដុមរមនា ចាកចេញផុតពីភាពក្រីក្រ ។ លោក អ៊ឹង គឹមលាង បានស្នើសុំដល់អង្គការដៃគូរអភិវឌ្ឍន៍នានា សំខាន់អង្គការភ្លែនអន្តរជាតិ សុំបន្តគាំទ្រ និង ពង្រីកនូវវិសាលភាព នៃកម្មវិធីជម្រុញការលើកកម្ពស់អនាម័យនេះបន្តទៀត នៅតាមសហគមន៍ ភូមិ ឃុំក្នុងខេត្ត ដើមី្បឈានទៅសម្រេចគោលដៅរបស់ក្រសួង និង រដ្ឋបាលខេត្ត បានដាក់គោលដៅ សម្រេចនៅឆ្នាំ២០២៤ ខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល ។
តាមរបាយការណ៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ពីស្ថានភាព អនាម័យ ក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ក្នុងកម្រិត ៩៧,២២% និង មានខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន ចំនួន ២១៩ពាន់៤៣ ស្មើនឹង៩០.៧៩% និង ខ្នងផ្ទះប្រើប្រាស់ បង្គន់រួម ចំនួន ១៥ពាន់ ៥១៥នាក់ ស្មើនឹង ៦,៤៣% និង ខ្នងផ្ទះជុះពាសវាលពាសកាល មាន៦ពាន់៧០៥ ស្មើនឹង២.៧៨% ដែលជាខ្នងផ្ទះគ្មានបង្គន់ ក្នុងនោះផ្ទះនៅលើគោកមាន ៤ពាន់១៥១ និង នៅលើទឹកមាន ២ពាន់៥៥៤ , ខ្នង ផ្ទះចំណាកស្រុក ៧ពាន់២០១ផងដែរ ។ ចំពោះភូមិ ODF មាន៨៦៥ភូមិ (ភូមិមិនទាន់ ODF មាន៩០ភូមិ ក្នុងនោះរស់ នៅលើទឹកជាប្រចាំ ៦ខែគោក ៦ខែទឹក មាន ២៣ភូមិ ) និង ឃុំ ODF មាន ៨១ឃុំ (ឃុំមិនទាន់ ODF មាន១៩ឃុំ ក្នុងនោះ នៅលើទឹក ១សង្កាត់ ៥ឃុំ និង លើគោក ១៤ឃុំ ) ។ ស្រុក ODF មាន៦ស្រុក មានស្រុកអង្គរជុំ បន្ទាយស្រី ស្រុកអង្គរធំ ស្រុកក្រឡាញ់ និង ស្រុកប្រាសាទបាគង ។ បញ្ហាប្រឈមរបស់មន្ទីរ ក្នុងការលើកកម្ពស់អនាម័យជនបទ សម្រាប់ប្រជាពលរដ្ឋ ដែលមានខ្នងផ្ទះរស់នៅ ៦ខែគោក ៦ខែទឹក រស់នៅជាប្រចាំ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប