ល្បែងប្រជលមាន់អន ឡាញ នៅតែកើតមាននៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ទោះបីមានការរឹតបន្តឹងពីប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំង៖ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ល្បែងប្រជល់មាន់តាមអនឡាញនិងឡូតូ នៅតែបន្តកើតមានឡើងយ៉ាងគឃ្លើន បើទោះបីមានការរឹតបណ្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក្តី។

ជាក់ស្តែងផ្ទះមួយកន្លែងនៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង កំពុងតែមានសកម្មភាពក្រុមញៀនល្បែងចេញចូល លេងយ៉ាងអាណាធិប្បតេយ្យ ប៉ុន្តែហាក់ដូចជាទទួលបាននូវការរក្សាភាពស្ងៀមស្អាត់ពីកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះ ឈ្មោះលោកតោ ជាមេធំ និងជាពិសេសមានខ្នងបង្អែកគ្រាក់ៗប្រគល់ខ្នងឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង។

ករណីទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកលោក អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការខេត្តកំពង់ឆ្នាំងបានបញ្ជាក់យ៉ាងខ្លី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ថា”បើមិនមានច្បាប់អនុញ្ញាតគឺបិទ”។

បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សង្ឃឹមថាអាជ្ញាធរខេត្ត ជាពិសេសឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងអាជ្ញាធក្រុងកំពង់ឆ្នាំងក្នុងនាមលោកជាគណៈបញ្ជាការឯកភាពខេត្ត និងលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងមានចំណាត់ការពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធិភាព ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ។

គួររំលឹកផងដែរថាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ជំរុញឲ្យមានការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀននៅតាមមូលដ្ឋាន ដើម្បីជំរុញដល់ការអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ករណីកើតមាននូវល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន អាចបង្កើតឲ្យមានអំពើ ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម បង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងប្រទេសជាតិ តើភូមិឃុំមានសុវត្ថភាពនៅឯណា ?៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *