ទៀនព្រះវស្សា និងទ័យវត្ថុរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទប្រទេសថៃត្រូវបានវេរប្រគេនដល់វត្ត ចំនួន ១១នៅក្នុងក្រុងសៀមរាបខេត្តសៀមរាប

សៀមរាប៖ ទៀនព្រះវស្សានិងទ័យវត្ថុរបស់ព្រះគ្រូកានព្រីឆា(ហៅលោកតាប៉ិក)និមន្តមកពីវត្តតានីក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ នៃប្រទេសថៃ និងញាតិញោមពុទ្ធបរិស័ទត្រូបានយកមកវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន១១នៅក្នុងក្រុងសៀមរាបខេត្តសៀមរាប នារសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២៤ ក្នុងឱកាសថ្ងៃបុណ្យចូលព្រះវស្សា ។ ពិធីវេរប្រគេននេះដែរគឺបានធ្វើឡើងនៅវត្តស្វាយរមៀត។
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយសនិងជា ព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានមានសង្ឃដីកាឲ្យដឹងថាទំនៀមក្នុងសង្គមខ្មែរព្រះសង្ឃតែងនិមន្ត”ចូលព្រះវស្សា” ឬ “គង់ចាំព្រះវស្សា” រយៈពេលបីខែដោយ កំណត់ពី ថ្ងៃ១រោច ខែអាសាឍ(រវាងខែកក្កដា)ដល់ថ្ងៃ១៥កើត ខែអស្សុជ(រវាងខែតុលា)។ ទំនៀមទំលាប់នេះ បានជាប់ជាប្រពៃណីប្រតិបត្តិរហូតមក ហើយទាំងព្រះមហាក្សត្រ និងរាស្ត្រសាមញ្ញទូទៅ តែង
ទំនុកបម្រុងគ្រឿងបរិក្ខាបូជាផ្សេងៗចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីបានអានិសង្សដល់ជាតិមុខ។ នៅក្នុងបណ្តាគ្រឿងបូជាទាំងឡាយនោះ គេឃើញមាន “ទៀនវស្សា” ជាវត្ថុសំខាន់ដែលពុំមានជា បញ្ញត្តិក្នុង គម្ពីរពុទ្ធសាសនា តែខ្មែរប្រតិបត្តិជាទំនៀមដល់សព្វថ្ងៃ ។ ព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានមានសង្ឃដីកាបន្តថា ការដុតទៀនឬប្រទីបសម្រាប់ថ្ងៃចូលព្រះវស្សា ដើម្បីជាប្រយោជន៍ដល់ ព្រះភិក្ខុសង្ឃដែលចាំបាច់ត្រូវស្វាធ្យាយធម៌ និងធ្វើឧបោសថកម្មនៅវេលាយប់ ក្នុងពេលចូលព្រះវស្សា។ ពន្លឺភ្លើងដែលដុតក្នុងពេលចូលព្រះវស្សានេះ ក៏ស្ថិតក្នុងការពិចារណាដល់ពន្លឺភ្លើងដែលភ្លឹបភ្លែតៗ ទៅដល់រូបខណ្ឌមនុស្សដែលកើតស្លាប់នោះផងដែរ ។ ចំពោះទៀនព្រះវស្សាដែលយកមកវេរប្រគេនគឺ ដោយក្នុង១វត្តៗប្រគេនទៀតវស្សា២គូរនិង បច្ច័យ១.៥០០បាត ដោយឡែកសម្រាប់វត្តស្វាយរមៀតគឺប្រគេនបច្ច័យចំនួន១២.០០០បាតដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃសមណះសិស្សដែលកំពុងគង់សិក្សានូវសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *